ចិន និងរុស្ស៊ី ចេញសេចក្ដីថ្លែងការណ៍រួមស្តីពីបញ្ហាតំបន់ឧបទ្វីបកូរ៉េ
មូស្គូ ៖ រុស្ស៊ី និងចិន បានចេញសេចក្ដីថ្លែងការណ៍រួមស្នើឱ្យកូរ៉េខាងជើង ផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ ចំណែកឯ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ត្រូវបញ្ជៀសការធ្វើសមយុទ្ធយោធាផងដែរ។ ម្យ៉ាងវិញទៀត កិច្ចចរចាដោះស្រាយបញ្ហាត្រូវចាប់ផ្ដើមធ្វើឡើង ផ្អែកលើគោលការណ៍ផលប្រយោជន៍ រួម មិនប្រើប្រាស់កម្លាំងយោធា និងបង្ហាញពីឆន្ទៈពិតប្រាកដក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
សំណើរបស់ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ធ្វើឡើងនាឱកាសនៃជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជិនពីង ក្នុងទីក្រុងមូស្គូកាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik៕