ភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ លោក ប៊ិន ឈិន បានទម្លាយអាថ៌កំបាំង ក្នុងពេលចរចាកែប្រែច្បាប់បោះឆ្នោតតំណាងរាស្ត្រ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោក ប៊ិន ឈិន បានបញ្ជាក់ថា បន្ទាប់ពីជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈរួចមក គឺទទួលបានលទ្ធផលសំខាន់ៗ លើការកែប្រែច្បាប់បោះឆ្នោត ដែលជាចំណុចមិនឯកភាពទាំង ១៥ចំណុច រួមមាន៖ អាសនៈរដ្ឋសភា ត្រូវបានឯកភាពថា បង្កើនដល់ ១២៥ អាសនៈ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨ គឺថែម ២ អាសនៈទៀត នៅខេត្តព្រះសីហនុ ដែលសព្វថ្ងៃមានតែ ១អាសនៈ ដូច្នេះខេត្តព្រះសីហនុ ត្រូវឡើងដល់ ៣ អាសនៈ។ ចំណែកខេត្តកំពង់ចាម ពីមុនមាន ១៨អាសនៈ ពេលនេះ ត្រូវកំណត់ថា ខេត្តកំពង់ចាម មាន ១០អាសនៈ និងខេត្តត្បូងឃ្មុំ ៨អាសនៈ។
លោក ប៊ិន ឈិន បានបន្ថែមថា ការកំណត់ថែមអាសនៈ ២បន្ថែម នៅខេត្តព្រះសីហនុ នាំឲ្យអាសនៈរដ្ឋសភាឡើងដល់ ១២៥អាសនៈនោះ គឺត្រូវកំណត់ក្នុងច្បាប់បោះឆ្នោត ដោយគ្មានការបង្កើតគណៈកម្មការកំណត់នោះទេ។
លោក ប៊ិន ឈិន បន្ថែមថា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីតុលាការ អាចមានសិទ្ធិចូលរួមការឃោសនាបោះឆ្នោត ក្រៅម៉ោងធ្វើការ ដូចអ្វីដែលមានកំណត់ក្នុងច្បាប់ចាស់ដដែល។ ក្នុងនោះ រយៈពេលនៃការឃោសនាបោះឆ្នោត ត្រូវបានកំណត់មកត្រឹមតែ ២១ថ្ងៃ ហើយការហែក្បួនឃោសនាតាមផ្លូវ ត្រូវកំណត់ត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ។ ច្បាប់ចាស់ កំណត់ពេលឃោសនាបោះឆ្នោត ៣០ ថ្ងៃ ហើយការហែក្បួន ធ្វើឡើងពេញរយៈពេល ៣០ថ្ងៃតែម្តង។
ជាមួយគ្នានោះ លោក ប៊ិន ឈិន ក៏បានបញ្ជាក់ថា ការកែប្រែច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់ថា សង្គមស៊ីវិលជាតិអន្តរជាតិទាំងអស់ ព្រមទាំងជនបរទេស មិនត្រូវចូលរួមការឃោសនាបោះឆ្នោតទេ ហើយបើសិនជាសង្គមស៊ីវិល ប្រព្រឹត្តខុស ដោយការអត្ថាធិប្បាយ ប្រមាថ មាក់ងាយដល់បេក្ខជន ឬគណបក្សនយោបាយ ក្នុងពេលឃោសនាបោះឆ្នោត គឺត្រូវដាក់ពិន័យពី ១០ទៅ ២០លានរៀល។ ក្នុងនោះ ទោសព្រហ្មទណ្ឌ ក៏ត្រូវដាក់លើសង្គមស៊ីវិលទាំងនោះផងដែរ៕