ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក Geng Shuang បានថ្លែងថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញមុខថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើក ព្រមទាំងចាត់ទុកថា វាគឺជាទង្វើរំលោភដំណោះស្រាយអង្គការសហប្រជាជាតិ ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។ ទន្ទឹមនោះចិន នៅតែអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់។
ចំណែកឯយោធាកូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា មីស៊ីល Hwasong-14 នេះអាចហោះបានរយៈកម្ពស់ ២,៣០០គីឡូម៉ែត្រ តែបើគេបាញ់វាចេញពីមុំស្ដង់ដារ នោះវាអាចហោះបានរយៈកម្ពស់ ៦,០០០គីឡូម៉ែត្រ ឯណោះ។ ទោះបីជាយ៉ាងណានៅមុនការអះអាងនេះ សហរដ្ឋអាមេរិកបានសន្និដា្ឋនថា មីស៊ីលនេះគ្រាន់តែជាគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមប៉ុណ្ណោះ ហើយក៏មិនអាចគំរាមអ្វីដល់សន្តិសុខជាតិអាមេរិកដែរ។
គួរបញ្ជាក់ថា កាលពីម្សិលមិញកូរ៉េខាងជើងបានបាញ់សាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-14 ក្រោមការត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់មេដឹកនាំកំពូល លោក គីម ជុងអ៊ុនគ្រាប់មីស៊ីលនេះ បានត្រូវចេញនៅម៉ោងប្រមាណ ៩ និង៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវាអាចរត់បានចំងាយ ៩៣៣ គីឡូម៉ែត្រ ព្រមទាំងអាចហោះបានរយៈកម្ពស់ ដល់ទៅ ២,៨០២គីឡូម៉ែត្រ ក្នុងរយៈពេល៣៩នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន៕