ញូយ៉ក ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក ស្រី Nikki Haley បានថ្លែងនៅក្នុងកិច្ចក្រុមប្រឹក្សាសន្តិសុខ UN ថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើងនៅក្នុងករណីចាំបាច់ណាមួយ ដោយចាត់ទុកថា សកម្មភាពរបស់កូរ៉េខាងជើងគឺជាការរារាំងឱកាសនៃការស្វែងរកដំណោះស្រាយការទូត។
លោកស្រីបានថ្លែងថា ការបាញ់សាកល្បងមីស៊ីលផ្លោង ICBM របស់កូរ៉េខាងជើង គឺជាការដុតរោលភាពតានតឹងផ្នែកយោធាដ៏ច្បាស់ និងប្រថុយប្រថានជាទីបំផុត។ ម្យ៉ាងវិញទៀត រដ្ឋកុម្មុយនិស្តមួយនេះ បានអួតអាងទាំងបើកចំហចំៗថា មីស៊ីលរបស់ពួកគេត្រូវបានអភិវឌ្ឍន៍ឡើង ក្នុងគោលបំណងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីវាយប្រហារលើបណ្តាទីក្រុងនានា ក្នុងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយឥឡូវនេះទីក្រុងព្យុងយ៉ាងមានសមត្ថភាព និងលទ្ធភាពជាងមុនក្នុងការធ្វើយ៉ាងដូច្នោះហើយ។ ទន្ទឹមនោះលោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងដាក់សំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ឲ្យមានការរៀបចំទណ្ឌកម្មថ្មី ប្រឆាំងទៅនឹងប្រទេសកូរ៉េខាងជើង។
ជាមួយគ្នានេះលោកស្រីបន្ថែមថា សហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈរួចជាស្រេចដើម្បី ប្រើប្រាស់សមត្ថភាពគ្រប់បែបយ៉ាងដែលយើងមាន ដើម្បីការពារខ្លួនយើងផ្ទាល់ក៏ដូចជាសម្ព័ន្ធមិត្តនានា ហើយសមត្ថភាពមួយក្នុងចំណោមនោះគឺកម្លាំងយោធារបស់យើង ដោយយើងនឹងជ្រើសរើសជម្រើសនេះប្រសិនបើមិនអាចជៀសវាងបាន ក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងឈានទៅរកទិសដៅនោះឡើយ៕