ផ្ទុះ​បាតុកម្ម​កក្រើក​នៅមុខ​កិច្ចប្រជុំ​កំពូល G20 នៅ​អាល្លឺម៉ង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2017 ក+ ក-

​អាល្លឺម៉ង់ ៖ ទីភ្នាក់ងារ​បរទេស​នៅថ្ងៃនេះ បាន​រាយការណ៍​ថា ក្រុមបាតុករ​រាប់ពាន់នាក់​បាននាំគ្នា​ដ​ង្ហែ​តាម​ដងផ្លូវ ដើម្បី​ធ្វើបាតុកម្ម​តវ៉ា​នៅក្នុង​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ មុននឹង​កិច្ចប្រជុំ G20 ឈានចូល​មកដល់ ។ នៅក្នុង​ក្បួន​បាតុកម្ម​តវ៉ា ដែល​ក្រុមបាតុករ​ដាក់ឈ្មោះ​ឱ្យ​ថា «​ស្វាគមន៍​ការ​មកកាន់​ឋាននរក​» ឬ Welcome to Hell ក៏បាន​បង្ក​ជា​អំពើហិង្សា​ផងដែរ​បណ្ដាលឱ្យ​ប៉ូលិស ៧៦​នាក់​រងរបួស ។​
​ទីភ្នាក់ងារ​ដដែល​បាន​បញ្ជាក់ថា ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​អាល្លឺម៉ង់ និង​ក្រុមបាតុករ​ប្រឆាំងនឹង​កិច្ចប្រជុំ G20 បាន​ផ្ទុះឡើង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ក្រុមបាតុករ​មួយចំនួន​នាំគ្នា​ចោល​ដុំថ្ម និង​ដប​ទៅលើ​ប៉ូលិស ជាហេតុ​បង្ខំ​ឱ្យ​ប៉ូលិស​សម្រេចចិត្ត​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាណុង​បាញ់​ទឹក​បំបែក​ក្រុមបាតុករ​ទាំង​នេះ ។​
​យ៉ាងណាក៏ដោយ អំពើហិង្សា​នេះ បាតុករ​ជាច្រើន​នាក់​បាន​រងរបួស និង​អ្នក​ខ្លះទៀត​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ខណៈ​ប៉ូលិស​បាន​ប៉ាន់​ស្មានថា ក្រុមបាតុករ​ប្រមាណ ១០០,០០០​នាក់ អាច​នឹងចូលរួម​ជាថ្មី​នៅក្នុង​បាតុកម្ម​តវ៉ា​ប្រឆាំង G20 នៅ​អំឡុង​កិច្ចប្រជុំ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​ផងដែរ​ដែរ ៕

fn-2017-07-07-09-11-02-2