ភ្នំពេញ៖ក្រសួងសង្គមកិច្ចបានប្រកាស ថាខ្លួនទទួលស្វាគមន៍រាល់បណ្តាប្រទេសទាំងឡាយណាដែលចង់ធ្វើកិច្ចសហប្រតិបត្តិការស្មុំកូនអន្តរប្រទេសជាមួយកម្ពុជា។ ការប្រកាសនេះត្រូវបានធ្វើឡើង តាមរយៈសេចក្តីជូនដំណឹងអំពីស្ថានភាពស្មុំកូនអន្តរប្រទេសនៅកម្ពុជា នៅថ្ងៃទី ២មីនា។
ប៉ុន្តែ ប្រធានរដ្ឋបាលស្មុំកូនអន្តរប្រទេសរបស់ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជាទៅមិនទាន់មានក្មេងក្នុងដៃដើម្បីឲ្យបរទេសអាច ស្មុំបាននៅឡើយទេ ដោយត្រូវរង់ចាំការបញ្ចប់នីតិវិធីចំនួនពីរសំខាន់ទៀតសិន។
ដើម្បី រៀបចំឯកសារច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេសពីកម្ពុជាកាន់តែ មានភាពងាយស្រួលនិងធានាបាននូវការពារតាមផ្លូវច្បាប់ជូនដល់កុមារ ដែលត្រូវបានស្មុំនោះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ចបានប្រកាសស្វាគមន៍រាល់បណ្តាប្រទេស ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការស្មុំកូនអន្តរប្រទេសជាមួយ កម្ពុជា។ កិច្ចសហប្រតិបត្តិការនេះត្រូវធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ហើយការស្មុំកូនត្រូវតែធ្វើឡើងតាមរយៈទីភ្នាក់ងារស្មុំកូននានាដែល ត្រូវបានចុះបញ្ជីផ្លូវការ និងធ្វើការងារអស់ទាំងនេះជំនួសឲ្យរដ្ឋាភិបាលរបស់ខ្លួន និងឪពុកម្តាយដែលត្រូវយកកូនយកទៅចិញ្ចឹម។
លោករឿន រិទ្ធីរ័ត្ន ប្រធានរដ្ឋបាលស្មុំកូនអន្តរប្រទេសរបស់ក្រសួងសង្គមកិច្ចកម្ពុជា បានបញ្ជាក់ថា ច្បាប់ស្មុំកូនថ្មីនេះ នឹងតម្រូវឲ្យឪពុកម្តាយដែលចង់យកកូនទៅចិញ្ចឹមនោះត្រូវតែបង់ ប្រាក់ទៅទីភ្នាក់ងាររបស់ខ្លួនចំនួន ៥ពាន់ដុល្លាសម្រាប់ក្មេងម្នាក់។ ហើយប្រាក់ទាំងអស់នេះនឹងត្រូវបង់ទៅឲ្យក្រសួងសង្គមកិច្ច យកទៅបែងចែកទៅកាន់ក្រសួងនានា និងស្ថាប័នមួយចំនួន ដែលធ្វើការលើការងារនេះ។
ប៉ុន្តែលោកបានបន្តថា ចាប់តាំងពីផ្អាកការស្មុំកូនអន្តរប្រទេសកាលពីឆ្នាំ ២០១១ រហូតមកទល់នឹងពេលនេះ កម្ពុជានៅមិនទាន់បើកឲ្យមានការស្មុំកូនឡើងវិញនៅឡើយទេ ដោយក្រសួងកំពុងតែជំរុញដើម្បីបញ្ចប់នីតិវិធីសំខាន់ៗចំនួនពីរ បន្ថែមទៀត ដែលមានទី១៖ នីតីវិធីស្តីពីការស្មុំកូនក្នុងស្រុក និងទី២៖ ស្តង់ដារគ្រប់គ្រងករណី និងការបង្រួបបង្រួមគ្រួសារ ដើម្បីធ្វើសមាហរណកម្មកុមារ ដែលកំពុងរស់នៅក្នុងមណ្ឌលរដ្ឋ និងមណ្ឌលអង្គការមិនមែនរដ្ឋាភិបាល។ គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានអនុម័តច្បាប់ស្តីពីស្មុំកូនកាលពីឆ្នាំ ២០០៩។
កាលពីខែកញ្ញាឆ្នាំ ២០១៤កន្លងទៅនេះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការស្មុំកូន អន្តរប្រទេសជាមួយនិងប្រទេសអ៊ីតាលីរួចរាល់ហើយ ហើយក៏មានបណ្តាប្រទេសជាច្រើនក៏កំពុងតែចាប់អារម្មណ៍ចង់ធ្វើកិច្ច សហប្រតិបត្តិការនេះដែរ។
តាមប្រធានរដ្ឋបាលស្មុំកូនកម្ពុជាបានឲ្យដឹងថា គិតត្រឹមខែមេសាឆ្នាំ ២០១១ កម្ពុជាបានស្មុំកូនទៅឲ្យបណ្តាប្រទេសដែលជាដៃគូរបស់ខ្លួនកាលពីមុន បានចំនួន ៣៧២៨នាក់ ចាប់តាំងពីឆ្នាំ ១៩៨៧មក។ បណ្តាប្រទេសដៃគូទាំងអស់នោះរួមមានអាមេរិក បារាំង អាឡឺម៉ង់ អូស្ត្រាលី និងប្រទេសជាច្រើនផ្សេងទៀត៕rfi
កុមារីនៅក្នុងមណ្ឌលដើម្បីភាពញញឹមនៃកុមារ