ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុន សាមឿន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងលាក់ឈើប្រណិតខុសច្បាប់ជាច្រើនម៉ែត្រគូប នៅចំណុចក្នុងទឹកទន្លេ និងក្រោយផ្ទះអ្នកស្រុកស្ថិតក្នុងភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយបានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើសង្កាត់អូរគ្រៀងចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសបានឲដឹងថា ក្រុមស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្ត និងអាវុធហត្ថស្រុកសំបូរ បង្ក្រាបបានឈើប្រណីតខុសច្បាប់ជាច្រើនម៉ែត្រគូប ដែលឈ្មួញលាក់ទុកក្នុងទឹកទន្លេ និងក្រោយផ្ទះអ្នកស្រុកបំរុងដឹកជញ្ជូនឈើប្រណីតខុសច្បាប់ទាំងអស់នោះបន្តទៅលក់នៅព្រំដែនប្រទេស វៀតណាម ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចះុស្រាវជ្រាវចាប់ឃាត់បានភ្លាមៗក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ខរស់នៅក្បែរចំណុចខាងលើនោះ ។
លោក ប៊ុយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឱ្យដឹងថា ក្រោយពីកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់បានរាប់សិបកំណាត់ និងជាច្រើនម៉ែត្រគូបប្រគល់ឲ្យ ខាងកម្លាំងជំនាញរដ្ឋបាលព្រៃឈើឋិតក្រោមការដឹកនាំផ្ទាល់របស់លោក បានសម្រេចនាំយកឈើទាំងនោះជាបន្តបន្ទាប់ទៅរក្សាទុកនៅសង្កាត់ រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការ ។
លោក បានបន្ថែមថា ពេលនេះកម្លាំងរបស់លោកកំពុងធ្វើការវាស់វែង និងកសាងសំនុំឯកសារដើម្បីចាត់វិធានការតាមផ្លូវច្បាប់រដ្ឋបាលព្រៃឈើ ។
ប្រពភពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានឲ្យដឹងថា ផ្លូវមួយខ្សែ និងស្ពានឈើដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ចូលទៅភូមិកោះខ្ញែរ ត្រូវបាន បំផ្លាញស្ទើរទាំងស្រុង ដោយសាររថយន្តដឹកឈើរបស់ក្រុមឈ្មួញមួយក្តាប់តូច ដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនរៀងរាល់យប់រំខាន់ដល់ការដេកពួនរបស់ពួកគាត់ជារៀងរាល់ថ្ងៃ ។
ប្រភពដដែលបានបន្តថា ចំនុចកោះខ្ញែរ គឺជាកន្លែងជួញដូរឈើប្រណិតយ៉ាងសកម្មរបស់ក្រុមឈ្មួញដែលមានឥទ្ធិពល និងមានខ្នងបង្អែកនៅពីក្រោយ ដោយពួកគេអង្គុយចាំប្រមូលទិញ ឈើប្រណិតគ្រប់ប្រភេទដែលដឹកតាមទូកចេញពីស្រុកសៀមបូកខេត្តស្ទឹងត្រែង ហើយស្តុកទុក នៅទីនេះ ដោយរង់ចាំរថយន្តធុនយក្សប្រភេទយីឌុបចូលមកដឹកជញ្ជូនចេញធ្វើដំណើរតាមផ្លូវជាតិ លេខ៧ឆ្លងកាត់ស្រុកសំបូរ ស្រុកចិត្របុរី និងស្រុកស្នួល យកទៅលក់ក្នុងប្រទេសវៀតណាម បានយ៉ាងរលូន ទើបតែថ្ងៃនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះស្រាវជ្រាវ និងបង្ក្រាបបាន ។ ពួកគាត់សូមសំណូមពរដល់អាជ្ញាធរគ្រប់ថ្នាក់ និងសមត្ថកិច្ចជំនាញសូមមេត្តាជួយទប់ស្កាត់ និងបង្ក្រសបបន្តទៀត បើមិនដូច្នេះទេ ផ្លូវ ស្ពានឈើទាំងឡាយក្នុងមូលដ្ឋានខាងលើនឹងត្រូវរង់ការបំផ្លិចបំផ្លាញគ្មានសល់ឡើយ បើក្រុមឈ្មួញដឹកជញ្ជូនឈើប្រើសុទ្ធតែរថយន្តយីឌុប5ភ្លៅបែបហ្នឹង ៕