ប្តី​តាម​ទាន់​ប្រពន្ធ​ផិតក្បត់​នៅ​ជាមួយ​សហាយស្មន់​ក្នុង​បន្ទប់​ជួល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ បុរស​ជា​ប្តី​បាន​ស្វះស្វែង​តាមរក​ប្រពន្ធ ខណៈដែល​ប្រពន្ធ​បាន​ចុះ​ចេញពីផ្ទះ​ជិត​២​ខែ ហើយ​ទៅ​រួមរស់​ជាមួយ​សហាយស្មន់ ត្រូវ​ប្តី​តាមរក​ឃើញ ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ប្រុស​ជា​សហាយស្មន់ រួមទាំង​ប្រពន្ធ យកទៅ​សួរនាំ​។ ហេតុការណ៍​កើ​ឡើង​កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរស​ជា​ប្តី​មានឈ្មោះ អ៊ូច បុប្ផា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ប្រពន្ធ​មានឈ្មោះ កែវ ស្រី​ណង អាយុ​៣៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​បុរស​ដែល​ត្រូវគេ​ចោទប្រកាន់ថា​ជា សហាយស្មន់ មានឈ្មោះ ចាន់ សុ​ភ័​ក្ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរស​ជា​ប្តី​បាន​រៀបរាប់ថា រូបគាត់​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ជិត​២​ឆ្នាំ​មកហើយ ពុំ​មានកូន​នៅឡើយ​ទេ តែ​ប្រពន្ធ​ជា​ស្ត្រី​មេម៉ាយ​មានកូន​ស្រី​ម្នាក់​អាយុ​១៦​ឆ្នាំ ។ ការរស់នៅ​ជាមួយគ្នា​គាត់​ចូលចិត្ត​ផឹកស្រា ចំណែក​ប្រពន្ធ​ក៏​ចូលចិត្ត​ផឹកស្រា និង​លេងល្បែង​ទៀតផង ។ ប្រមាណ​ជិត​២​ខែ​កន្លងមកនេះ ស្ត្រី​ជា​ប្រពន្ធ​បាន​ចុះ​ចេញពី​បន្ទប់​ជួល ធ្វើ​ឲ្យ​រូបគាត់​ដើររក​គ្រប់​ទីកន្លែង តែ​រក​មិនឃើញ និង​បាន​ទូរស័ព្ទ​ទំនាក់ទំនង​គ្នា ត្រូវ​ប្រពន្ធ​ឆ្លើយថា ចប់​គ្នា​ហើយ យើង​ដើរ​បែកផ្លូវ​គ្នា​ទៅ ។​
​ប៉ុន្តែ​តែ​រូបគាត់​នៅតែ​មិន​អស់ចិត្ត ឆ្លៀតពេល​ទំនេរ ដើរ​ស៊ើបសួរ​រកប្រពន្ធ រហូត​បានដឹងថា ប្រពន្ធ​ទៅ​ជួល​បន្ទប់​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ហើយក៏​ចេះតែ​ទៅតាម​ដាន និង​សួរ​អ្នកជិតខាង ប្រាប់ថា ឧស្សាហ៍​ឃើញ​មាន​បុរស​ម្នាក់​ចេញចូល​បន្ទប់​នេះ​ជា​ញឹកញាប់ នៅពេល​កើតហេតុ គាត់​ទៅដល់​បន្ទប់​ជួល បើកទ្វារ​បន្ទប់​ចូលទៅ​ឃើញ​ម៉ូតូ​មួយគ្រឿង​នៅក្នុង​បន្ទប់​ប្រពន្ធ ដែល​កំពុងតែ​នៅ​ជាមួយ ប្រុស​សា​ហាយ​ស្មន់​ម្នាក់ ក៏បាន​ប្តឹង​សមត្ថកិច្ច ឃាត់​បាន​បុរស​ជា សហា​យា​ស្មន់ និង​ប្រពន្ធ យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ចោមចៅ ។ បុរស​ជា​ប្តី​បាន​អះអាងថា គាត់​មិនដែល​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ទេ ។​
​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ត្រូវ​ប្តី​ចោទប្រកាន់ថា​មាន សហាយស្មន់ បាន​និយាយថា បានជា​គាត់​ចុះចោល​ប្តី ដោយសារតែ​ប្តី​ផឹកស៊ី​ស្រវឹង​តែងតែ​ប្រើ​អំពើហិង្សា​ទៅលើ​រូបគាត់ ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិនបាន ទើប​គាត់​សុំ​បែកផ្លូវ​គ្នា ដូច​ប្តី​លើកទីមួយ​របស់គាត់ ដែលមាន​ស្រី​ថ្មី​បន្សល់ទុក​កូនស្រី​ម្នាក់​ឲ្យ​ប្តី​ជា​អ្នកថែរក្សា ។ ស្ត្រី​ជា​ប្រពន្ធ​បានបញ្ជាក់​ប្រាប់ថា គាត់​មិនមាន​ទំនាក់ទំនង​នឹង​បុរស ដែល​ត្រូវ​ប្តី​ចោទប្រកាន់​ឡើយ គឺមាន​ការទំនាក់ទំនង​គ្នា​ជា​មិត្តភក្តិ ដែល​ទើបនឹង​ស្គាល់គ្នា​បាន​ប្រមាណ​២​អាទិត្យ​តែប៉ុណ្ណោះ ហើយ​មិនមាន​ស៊ី​ជំរៅ​ដែរ គ្រាន់តែ​ពឹង​ឲ្យ​គាត់​ឌុប​មក​បន្ទប់​ជួល ។​
​ចំណែក​បុរស​ដែល​ត្រូវគេ​ចោទប្រកាន់ថា​ជា សហាយស្មន់ បាន​និយាយថា រូបគាត់​នឹង​ស្ត្រី​ខាងលើ បាន​ស្គាល់គ្នា​បាន​ចំនួន​២​អាទិត្យ គឺ​ធ្លាប់​ស្គាល់​តាមរយៈ​មិត្តស្រី​ណែនាំ​ឲ្យ​ស្គាល់ ហើយ​ធ្លាប់​ផឹកស៊ី​ជាមួយគ្នា​ជា​ច្រើនដង​មកហើយ មុនពេល​កើតហេតុ រូបគាត់ និង​ស្ត្រី​ខាងលើ ទើប​មកពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ចប់​កម្មវិធី បាន​ឌុប​នាង​មក​បន្ទប់​ជួល តែ​ដោយ​ខ្លាច​ចោរលួច​ម៉ូតូ ទើប​គាត់​បណ្តើរ​ម៉ូតូ​ទុក​ក្នុង​បន្ទប់ ហើយ​គាត់​ឈឺពោះ​បាន​សុំចូល​បន្ទប់​ទឹកបាន​ប​ន្តិ​ច ស្រាប់តែ​លឺសូរ​សន្ធឹក​គោះទ្វារ​ខាងក្រៅ ចូល​មកដល់​ចោទថា​គាត់​សហាយស្មន់​ទៅវិញ ។​
​ក្រោយពេល​កើតហេតុ ដោយ​បុរស​ជា​ប្តី​មិនបាន​ប្តឹងផ្តល់​ទេ ដោយ​ហៅ​ប្រពន្ធ​ទៅ​ស្រុកកំណើត ដើម្បី​ធ្វើលិខិត​លែង​គ្នា​បញ្ចប់​ភាពជា​ប្តី​ប្រពន្ធ​តែម្តង ៕

29dcc893-0101-41cf-bb30-0347430143c5a9929061-8b6a-4fab-b90b-141afdd0f66c