ខេត្តព្រះវិហារ ៖ ព្រៃព្រះរកា ដែលជាតំបន់ប្រជុំ ៣ស្រុក គឺស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ គឺជាព្រៃធំទី២ របស់ប្រទេសខ្មែរ បន្ទាប់ពីព្រៃឡង់នៅក្នុងខេត្តកំពង់ធំ។ ក៏ប៉ុន្តែបច្ចុប្បន្ន ព្រៃព្រះរកា កំពុងទទួលរងការកាប់ធ្វើអាជីវកម្មខុសច្បាប់យ៉ាងធ្ងន់ធ្ងរពីក្រុម ឈ្មួញ និងក្រុមអ្នកមានអំណាចខ្លះ ហើយសមត្ថកិច្ចរដ្ឋាភិបាលមិនសូវអើពើបង្ក្រាបនោះទេ។
សហគមន៍ប្រជាពលរដ្ឋ និងអង្គការការពារព្រៃឈើខ្លះនៅខេត្តព្រះវិហារ ព្រួយបារម្ភថា ដើមឈើធំៗក្នុងតំបន់ព្រៃព្រះរការ រួមទាំងដើមច្បោះជ័ររបស់ប្រជាពលរដ្ឋផង នឹងវិនាសហិនហោចដោយសារតែក្រុមមនុស្សចូលទៅកាប់ ហើយដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់ជារៀងរាល់ថ្ងៃ។
កាលពី៣ថ្ងៃមុនអង្គការពន្លកខ្មែរ ដែលធ្វើការងារជាមួយបណ្ដាញការពារព្រៃឈើ នៅខេត្តព្រះវិហារ បានសរសេររបាយការណ៍ថា គេមានការព្រួយបារម្ភដោយសារព្រៃព្រះរកា កំពុងប្រឈមមុខនឹងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ គឺលោក ប៉ិក សោភ័ណ បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២ ខែមីនា ថាជារៀងរាល់ថ្ងៃមានមនុស្សទាំងក្នុងស្រុក និងមកពីតំបន់ក្រៅកំពុងនាំគ្នាចូលទៅកាប់ឈើយកទៅលក់ដូរខុស ច្បាប់។
លោក ប៉ិក សោភ័ណ ឱ្យដឹងថា អ្នកដែលពាក់ព័ន្ធនឹងការប្រមូលទិញឈើទាំងនោះ មានទាំងសិប្បកម្មកែច្នៃឈើក្នុងស្រុក និងក្រុមហ៊ុន ទ្រី ភាព ផង៖ «កាប់ ដឹកជញ្ជូនលក់ឱ្យឈ្មួញសិប្បកម្មអ៊ីចឹង ហើយទាំងដើមច្បោះជ័រដើមអីរបស់ប្រជាពលរដ្ឋ ឥឡូវដូចនៅខាងឃុំព្រីងធំ ក្រឡាពាសអីហ្នឹង គឺថាទិញ ១ដើម ២ម៉ឺនរៀល ឥឡូវមិនបាន ១ដើម ២ម៉ឺនរៀលផង ប្រជាពលរដ្ឋភ័យខ្លាច ១ដើម១ម៉ឺនរៀលក៏លក់»។
របាយការណ៍របស់អង្គការពន្លកខ្មែរ ឱ្យដឹងថា ការបំផ្លាញព្រៃឈើធ្ងន់ធ្ងរជាងគេ គឺកំពុងកើតមានជាច្រើនកន្លែង ដូចជានៅជាំក្រេល ជាំអាទិត្យ វាលក្ងោក អូរសោម នៃស្រុកជាំក្សាន្ត។ វាលខ្លុង អូរសូងសាង អូរដាច់កន្ទប អូរប៉េស ស្រុកត្បែងមានជ័យ និងតំបន់ជាំជ្រៃ អូរថ្មជញ្ជាំង ខ្សាច់ស ក្នុងស្រុកឆែប។
ទោះយ៉ាងណា មិនអាចទាក់ទងលោក ឆេង សេង ជានាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីសុំការបកស្រាយជុំវិញព័ត៌មាននេះបានថា យ៉ាងណានៅឡើយ។
ចំណែកបណ្ដាញសហគមន៍ព្រៃព្រះរកា នៅឃុំព្រីងធំ ភូមិក្រឡាពាស ម្នាក់ ក៏អះអាងថា បច្ចុប្បន្នមានមនុស្សជាច្រើនក្រុមតែងចូលទៅកាប់ឈើប្រភេទផ្ដៀក មុខធំៗទំហំជាង ១ម៉ែត្រ និងឈើកកោះ ជាដើម៖ «ឈ្មួញពីខាងក្រៅគេមកទាក់ទងឱ្យកាប់ ដល់ពេលគេកាប់បាន គឺគេដឹកយកទៅឱ្យពួកឈ្មួញដែលចាំទទួលទិញ»។
ប្រភពពីបណ្ដាញសហគមន៍ព្រៃព្រះរកា ខ្លះ នៅក្នុងឃុំពោធិ បានចោទប្រកាន់មន្ត្រីបរិស្ថាននិងរដ្ឋបាលព្រៃឈើថា មិនបានយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើទេ ដោយសារតែអ្នកកាប់ឈើខុសច្បាប់ទាំងនោះតែងបង់លុយឱ្យក្នុង ១គោយន្ត ថ្លៃពី ៥០ម៉ឺន ទៅ ១លានរៀល។
ព្រៃព្រះរកា ដែលលាតសន្ធឹងលើផ្ទៃដី ៣ស្រុក បានផ្ដល់ប្រយោជន៍ឱ្យប្រជាពលរដ្ឋច្រើនជាង ២ម៉ឺនគ្រួសារជារៀងរាល់ឆ្នាំ ដូចជាការចូលទៅរកអនុផលព្រៃឈើ ដកផ្សិតព្រៃ និងការដងជ័រ ឬក៏បេះជ័រចុង យកទៅលក់ដូរជាដើម៕
អ្នកកាប់ឈើខុសច្បាប់យកទៅលក់ដូរ យកម៉ាស៊ីនអារឈើក្នុងតំបន់អូរសោម នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ កុម្ភៈ ២០១៥