ប្រទេសថៃ ៖ ពលករខ្មែរដែលកំពុងធ្វើការងារនៅប្រទេសថៃ ត្រូវបានគេរាយការណ៍ថា បានកាប់ គ្នាស្លាប់២នាក់ ហើយជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី១១ ខែកក្កដា នៅក្នុងភូមិសាស្ត្រខេត្តស្រះកែវ ។ មូលហេតុនាំឲ្យមានការកាប់សម្លាប់គ្នានោះគឺបន្ទាប់ពីពួកគេនាំគ្នាផឹកស្រារហូតស្រវឹងរៀងៗ ខ្លួន ហើយទាស់សំដីគ្នា ។
តាមប្រភពឱ្យដឹងថា បន្ទាប់ពីកើតមានឃាតកម្ម តម្រួតនិងទាហានថៃបានចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដេកស្លាប់នៅកៀនខ្ទមស្រែមួយកន្លែង និងសពបុរសម្នាក់ទៀតឈ្មោះជា ត្រូវគេស្គាល់ថា ជាពលករខ្មែរបានដេកស្លាប់នៅក្នុងវាលស្មៅប្រហែល៥ម៉ែត្រពីសពទីមួយ ។ សមត្ថកិច្ចថៃបានត្រួតពិនិត្យនៅជុំវិញខ្ទមស្រែនោះរកឃើញកាំបិតខ្វែវនិងចបកាប់ប្រឡាក់ឈាម ក្តៅៗព្រមទាំងដបស្រាមួយចំនួនផង ។
តាមការត្រួតពិនិត្យនៅលើសាកសពបុរសទាំងពីរនាក់ មានស្លាកស្នាមត្រូវគេកាប់នឹងកាំបិតវាយសំពងនឹងចបកាប់របួសជាច្រើនកន្លែង ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថៃបានឱ្យដឹងថា មុនពេលកើតហេតុ ប្រហែលជាអ្នកស្លាប់ និងជនដៃដល់ផឹកស្រាជាមួយគ្នា តែពេលស្រវឹង ក៏កើតរឿងទាស់ពាក្យសម្តីគ្នា ទើបឈានដល់ការកាប់សម្លាប់គ្នាយ៉ាងព្រៃផ្សៃបែបនេះ ។
ចំពោះព័ត៌មានលម្អិត ទាក់ទងករណីនេះនៅមិនទាន់បានដឹងច្បាស់នៅឡើយ ហើយគ្រាន់តែដឹងថា ជនដៃដល់បានរត់ចូលមកទឹកដីកម្ពុជាវិញភ្លាមៗ បន្ទាប់ពីកើតហេតុ ៕