កងទ័ព ជាតិអ៊ីរ៉ាក់ប្រមាណ ៣ម៉ឺននាក់ ដោយមានជំនួយពីកងទ័ពអាកាសអន្តរជាតិ បានចាប់ផ្តើមបើកប្រតិបត្តិការជើងគោកក្នុងទ្រង់ទ្រាយធំ ដើម្បីវាយលុកទៅលើទីតាំងរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម។ គោលដៅ គឺវាយដណ្តើមទីក្រុង Tikrit ដែលស្ថិតនៅចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ខាងជើងរដ្ឋធានីបាកដាត។
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងទ័ពថ្មើរជើងអ៊ីរ៉ាក់បានបើកការវាយលុកទៅលើទីតាំងជាច្រើនរបស់ ក្រុមជីហាតរដ្ឋអ៊ីស្លាម នៅប៉ែកខាងជើងប្រទេស។ ដោយមានការគាំទ្រពីសំណាក់កងទ័ពអាកាសរបស់ក្រុមសម្ព័ន្ធមិត្តដឹកនាំ ដោយអាមេរិក ប្រតិបត្តិការថ្មើរជើងរបស់កងទ័ពអ៊ីរ៉ាក់បានទទួលជោគជ័យនៅតាមកន្លែង មួយចំនួន ក៏ប៉ុន្តែ ត្រូវទទួលបរាជ័យជាច្រើនលើក នៅទីក្រុង Tikrit ដែលជាទីតាំងដ៏ធំមួយរបស់ក្រុមជីហាត។
នៅថ្ងៃចន្ទ ម្សិលមិញនេះ អ៊ីរ៉ាក់ក៏បានចាប់ផ្តើមបើកប្រតិបត្តិការទ័ពថ្មើរជើងក្នុង ទ្រង់ទ្រាយធំ ដើម្បីព្យាយាមធ្វើយ៉ាងណាវាយដណ្តើមយកទីក្រុង Tikrit ពីដៃក្រុមជីហាតឲ្យបាន។ មន្ត្រីយោធាអ៊ីរ៉ាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ប្រតិបត្តិការថ្មើរជើង ទៅលើទីក្រុង Tikrit ដែលចាប់ផ្តើមកាលពីថ្ងៃចន្ទនេះ គឺជាប្រតិបត្តិការទ័ពដ៏ធំបំផុតរបស់អ៊ីរ៉ាក់ ទៅលើក្រុមជីហាតរដ្ឋអ៊ីស្លាម ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤។ មន្ត្រីយោធាអ៊ីរ៉ាក់ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា កងកម្លាំងដែលចូលរួមក្នុងប្រតិបត្តិការវាយលុកលើទីក្រុង Tikrit នៅពេលនេះ គឺមានទាំងកម្លាំងទាហាន ប៉ូលិស និងអង្គភាពប្រឆាំងភេរវកម្ម បូករួមទាំងកងកម្លាំងស្ម័គ្រចិត្តរបស់ក្រុមស្ហ៊ីអ៊ីត និងស៊ុននីត។
បើយោងតាមការផ្សាយរបស់កាសែតក្នុងស្រុកអ៊ីរ៉ាក់ និងកាសែតអ៊ីរ៉ង់ មេបញ្ជាការកងកុម្ម៉ង់ដូរបស់អ៊ីរ៉ង់កំពុងស្ថិតនៅក្នុងប្រទេស អ៊ីរ៉ាក់ ដើម្បីជួយផ្តល់ប្រឹក្សា និងសម្របសម្រួលប្រតិបត្តិការវាយប្រហារទៅលើទីក្រុង Tikrit នេះ។
គួររំឭកឡើងវិញថា ទីក្រុង Tikrit ដែលជាស្រុកកំណើតរបស់ សាដាម ហ៊ូសេន ហើយដែលស្ថិតនៅចម្ងាយតែប្រមាណ ១៦០គីឡូម៉ែត្រពីរដ្ឋធានីបាកដាត ត្រូវក្រុមជីហាតរដ្ឋអ៊ីស្លាមវាយដណ្តើមកាន់កាប់ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤ រួមជាមួយនឹងដែនដីជាច្រើនទៀត នៅប៉ែកខាងជើងអ៊ីរ៉ាក់។
មន្ត្រីកងទ័ពអ៊ីរ៉ាក់បានអះអាងថា ការវាយដណ្តើមកាន់កាប់ទីក្រុង Tikrit ពីដៃក្រុមជីហាតរដ្ឋអ៊ីស្លាមវិញ គឺមានសារៈសំខាន់ទាំងខាងផ្នែកនយោបាយ និងយុទ្ធសាស្ត្រទ័ព ពីព្រោះថា ការវាយយកទីក្រុង Tikrit នេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ក្នុងការឈានទៅវាយដណ្តើមយកទីក្រុង Mosul ដែលជាទីតាំងធំបំផុតរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាម នៅក្នុងទឹកដីអ៊ីរ៉ាក់៕
កងទ័ពអ៊ីរ៉ាក់នៅក្នុងប្រតិបត្តិការវាយដណ្តើមទីក្រុង Tikrit ពីក្រុមជីហាតរដ្ឋអ៊ីស្លាមREUTERS