មេទ័ព​បារាំង​លាលែង​ពី​តំណែង ក្រោយ​ទាស់សម្តី​ជាមួយ​ប្រធានាធិបតី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2017 ក+ ក-

ប៉ារីស ៖ ប្រធាន​សេនាធិការ​យោធា​បារាំង​លោក​ឧ​ត្ត​ម​សេនីយ៍ Pierre de Villiers បាន​សុំលាលែង​ពីមុខ​តំណែង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​មានការ​ខ្វែងគំនិត​គ្នា ជាមួយ​ប្រធានាធិបតី​បារាំង លោក អែម​ម៉ា​នុយ​អែល ម៉ា​ក្រុង ជុំវិញ​គំរោង​កាត់បន្ថយ​បញ្ចប់​ថវិការ​យោធា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ Pierre de Villiers បានប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការកាត់ថ​វិកា​នេះ​នឹងមិន​អាច​ធានា​ភាព​គំរូ​នៃ​យោធា​ក្នុងការ​ការពារជាតិ​បារាំង​បាន​ទៀត​ទេ​។ កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល​បារាំង បានប្រកាស​ពី​ការកាត់ថ​វិកា តាម​ការធ្លាក់ចុះ​នៃ​កម្រិត​ថវិកា​ក្នុង​សហភាព​អឺរ៉ុប​។​
​ដោយឡែក​លោក ម៉ា​ក្រុន ថ្លែងថា លោក​មិន​អត់ឱន​ឲ្យ​អ្នក​ដែល​ប្រឆាំង​ផែនការ​យោធា​នោះទេ​។ លោក​ថា បើសិនជា​មេបញ្ជាការ​យោធា​ប្រឆាំង​ឬ មិន​ពេញចិត្ត​អ្វីមួយ​អាច​លាឈប់​បាន​។ ទោះយ៉ាងណា​លោក ម៉ា​ក្រុន​ថ្លែងថា កន្លងមក​លោក Pierre de Villiers បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​៕

1