ខេត្តក្រចេះ ៖ កម្លាំងស្នាក់ការសន្តិសុខ៧១០សហការជាមួយជំនាញរដ្ឋបាលព្រៃឈើអូរគ្រៀងចុះបង្ក្រាបបានរថយន្តស៊ាំយ៉ុងដឹកឈើឈើប្រណិតខុសច្បាប់ចំនួនពីរគ្រឿង នៅចំណុចផ្លូវចូលក្រុមហ៊ុនដុងណាយ ស្ថិតក្នុងភូមិអូរកណ្តៀ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ។
ដោយឡែករថយន្តដឹកឈើប្រណិតខុសច្បាប់ចំនួនពីរគ្រឿងនេះ បានដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែងមកពួនសម្ងំនៅចំណុចខាងលើបំរុងលោតឆ័ត្របន្តទៅលក់នៅព្រំដែនប្រទេសវៀតណាម។
ប្រភពព័ត៌មានពីលោក សៀង សុខុម ប្រធានស្នាក់ការសន្តិសុខ៧១០ឱ្យដឹងថា មុននិងឈានដល់ការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណិតខុសច្បាប់ចំនួនពីរគ្រឿងនេះ ដោយទទួលបានពត៌មានរាយការណ៍ពីប្រជាពលរដ្ឋឆ្លងកាត់ទីកន្លែងនោះថា មានរថយន្តសាំយ៉ុងពីរគ្រឿងផ្ទុកឈើពេញព្រៀប ហើយកម្លាំងរបស់លោកសហការជាមួយជំនាញរដ្ឋបាលព្រៃឈើអូរគ្រៀងចុះទៅដល់គោលដៅធ្វើការបង្ក្រាបបានរថយន្តដឹកឈើដឹកឈើល្មើសច្បាប់ចំនួនពីរគ្រឿងបំរុងលោតឆ័ត្របន្តទៅលក់នៅព្រំដែនប្រទេសវៀតណាម។ក្រោយពីកម្លាំងរបស់លោកឃាត់បានរថយន្តដឹកឈើល្មើសច្បាប់ពីរគ្រឿង ឯអ្នកបើកបរបានរត់គេចខ្លួនបាត់ដោយមិនស្គាល់អត្តសញ្ញាណម្ចាស់ឈើនោះទេ។
ប្រភពព័ត៌មានពីលោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឱ្យដឹងថា ក្រោយពីបង្ក្រាបរថយន្តសាំយ៉ុងពីរគ្រឿងដឹកឈើប្រណិតខុសច្បាប់រាប់រយដុំមក កម្លាំងជំនាញរដ្ឋបាលព្រៃឈើរបស់លោកក៏នាំយក វត្ថុតាងទាំងនោះទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានបន្ថែមថា ឈើទាំងនេះ ជាឈើសុក្រមប្រភេទលេខ១ ក្រោយពីកម្លាំងរបស់លោកធ្វើការវាស់វែងបានចំនួន២១៦ដុំ ស្មើរនឹង៨ម៉ែត្រគីបនិងចាត់វិធានការតាមផ្លូវច្បាប់រដ្ឋបាលព្រៃឈើបន្ត៕