រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងណ្តុះបណ្តាលវិជ្ជាជីវៈ បានព្រមានឲ្យក្រុមហ៊ុនជ្រើសរើស និងគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេសទាំងអស់ អនុវត្តការងារស្របទៅតាមនីតិវិធីច្បាប់កម្ពុជា និងប្រទេសទទួលពលករ ជៀសវាងការជួញដូរមនុស្សការរំលោភបំពាន និងដើម្បីការពារសិទ្ធិប្រយោជន៍របស់ពលករ ។
ការព្រមាន ឬ ដាក់កំហិតនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញ ក្រោមវត្តមាន លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ជាមួយតំណាងទីភ្នាក់ងារជ្រើសរើសពលករឯកជន ប្រចាំប្រទេសថៃ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ។
លោក អិត សំហេង រដ្ឋមន្ត្រីក្រសួងកាងារក៏បានថ្លែងទាក់ទងទៅនឹងពលករខ្មែរនៅប្រទេសថៃ ជាពិសេសពលករខុសច្បាប់ ខណដែលអាជ្ញាធរថៃបានកែទម្រង់ច្បាប់រឹតបន្តឹងដល់និយោជក និងកម្មករខុសច្បាប់ ។ លោកបន្តថា បញ្ហានាំឲ្យពលករ និងក្រុមគ្រួសាររបស់ពលករមានការព្រួយបារម្ភខ្លាំង ចំពោះសុវត្ថិភាព និងជីវភាពរបស់ពួកគាត់ ជាពិសេសការបណ្តេញចេញពលករខុសច្បាប់ពីប្រទេសថៃ ដែលធ្លាប់បានកើតឡើងម្តងរួចមកហើយ កាលពីឆ្នាំ២០១៤។
លោករដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុននាំពលករមកធ្វើការនៅប្រទេសថៃទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ជៀសវាងការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗរបស់ប្រទេសថៃ ដែលនាំទៅដល់ការចាប់ខ្លួនបញ្ជូនទៅកម្ពុជាវិញ។ ទន្ទឹមនោះ ក្រសួងនឹងចាត់វិធានការតឹងរឹង ចំពោះក្រុមហ៊ុនណាដែលអនុវត្តខុសច្បាប់ ឬប្រព្រឹត្តអំពើផ្សេងៗប៉ះពាល់ដល់ផលប្រយោជន៍ពលករ ៕