ភ្នំពេញ ៖ សាកសពបុរសម្នាក់ដែលមានសភាពហើមស្អុយទៅហើយនោះ ត្រូវបានក្មេងៗទៅរកចាប់ខ្យងក្ដាម ប្រទះឃើញនៅក្នុងទឹកប្រឡាយនាវាលស្រែមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០ នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាកសពបុរសខាងលើនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ហើយក៏មិនអាចប៉ាន់ស្មានអាយុ បានដែរ ព្រោះមានសភាពហើមស្អុយមើលលេងស្គាល់ទៅហើយ ដែលសង្ស័យថាបានស្លាប់ក្នុងរយៈពេល ប្រហែលជា៤ទៅ៥ថ្ងៃកន្លងមកហើយ និងក្នុងស្ថានភាពអាក្រាតកាយននលគកតែម្ដង ដោយមានតែត្រកួន វ័ណ្ឌបិទបាំងពីលើតែប៉ុណ្ណោះ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតមានការភ្ញាក់ផ្អើលនោះ មានក្មេងៗមួយ ក្រុមបានាំគ្នាទៅរកចាប់ខ្យងនិងក្ដាមនៅវាលស្រែនោះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បាន ធំក្លិនស្អុយចម្លែកខុសពីធម្មតា ខណៈនោះក្មេងៗខាងលើបានរកមើល ហើយស្រាប់តែបានប្រទះឃើញសាក សពបុរសនោះនៅក្នុងទឹកប្រឡាយ។បន្ទាប់មកក្មេងៗខាងលើបាននាំគ្នារត់ទៅប្រាប់អ្នកភូមិ នាំគ្នាទៅចោម រោមមើលគ្រប់ៗគ្នា ប៉ុន្តែមិនមាននរណាម្នាក់បានស្គាល់ថា សាកសពនោះជានរណាឡើយ ដែលសង្ស័យថា អាចជាអ្នកមកពីចម្ងាយ មិនមែនជាអ្នកភូមិនោះទេ ក្រោយមកបានរាយការណ៏ជូនទៅនគរបាលប៉ុស្ដិ៍ព្រែក កំពឹសនិងខណ្ឌដដង្កោឲ្យចុះទៅពិនិត្យមើល។
នគរបាលបានឲ្យដឹងថា ក្រោយពេលទទួលព័ត៌មានពីប្រជាពលរដ្ឋកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកកំពឹស និងនគរបានខណ្ឌដង្កោ បានចុះទៅកាន់ទីនោះ ហើយបានឃើញសាកសពបុរសម្នាក់មែន ដែលមានសភាព ហើមស្អុយទៅហើយ ដែលមិនទាន់ដឹងថាការស្លាប់នោះជាករណីអ្វីពិតប្រាកដនៅឡើយទេ។ខណៈនោះ កម្លាំងបានរាយការបន្តទៅកាន់ការិយាល័យ នគរបាលបច្ចេកទេសនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យតាមជំនាញ និងកសាងសំណុំរឿងតាមច្បាប់ ព្រមទាំងកំណត់ថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីនោះ៕