ដោយ ៖ ប្រុញ វិធិន
ខេត្តក្រចេះ ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ ដឹកនាំបញ្ជារដោយលោក កែម ហៀង អភិបាលរងស្រុក ក្រោមការចង្អុលបង្ហាញពីលោក សេក ប៊ុនហេង អភិបាលស្រុក បានចុះប្រតិបត្តិការណ៍បង្ក្រាបឧបករណ៍បទល្មើសនេសាទខុសច្បាប់ជាបន្តបន្ទាប់រយៈពេលពីរថ្ងៃ រឹបអូសបានជាច្រើនគ្រឿង ។
លោក កែម ហៀង អភិបាលរងស្រុកព្រែកប្រសព្វ បានឲ្យដឹងថា លោកបានដឹកនាំបញ្ជារចុះបង្ក្រាបផ្ទាល់ ដោយមានកម្លាំងសហការជាមួយ មន្ត្រីជំនាញខ័ណ្ឌនិងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ដឹកនាំដោយលោក បែន ប៊ុណ្ណារ៉ាវុធ នាយផ្នែក និងកម្លាំងសឹករងស្រុក ដោយបានចុះបង្ក្រាបរយៈពេលពីរថ្ងៃជាប់គ្នា កាលពីថ្ងៃទី១៨-២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំនុចបឹងសំអុយ និងបឹងធំ ឋិតនៅក្នុងឃុំតាម៉ៅ និងឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ។
លោក បែន ប៊ុណ្ណារ៉ាវុធ នាយកផ្នែករដ្ឋបាលព្រែកប្រសព្វ បានបញ្ជាក់ថា នៅក្នុងការចុះបង្ក្រាបឧបករណ៍ល្មើសច្បាប់ខាងលើ កម្លាំងសមត្ថកិច្ចចម្រុះ រឹបអូសបាន៖ លូស្បៃមុងចំនួន១០មាត់លូ, លបសាច់អួនក្រឡាញឹក ចំនួន ១៨គ្រឿង, របាំងស្បៃមុង ១០ខ្សែប្រវែង ៧០០ម៉ែត្រ, របាំងសាច់អួនក្រឡាញឹក ១៦ខ្សែ មានប្រវែង១២០០ម៉ែត្រ, លបឬស្សី៦៦គ្រឿង, របាំងសាច់អួនក្រឡាញឹក, របាំងព្រួលឬស្សីប្រវែង៤៥០ម៉ែត្រ, បង្គោលចម្រឹងឬស្សី ចំនួន ១៤៨០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិជិត២០០គីឡូក្រាម ។
ជាមួយគ្នានោះ លោក សេក ប៊ុនហេង បានបញ្ជាក់ឲ្យដឹងថា លោកនឹងផ្ដល់កម្លាំងគណៈបញ្ជាការឯកភាពស្រុក សហការជាមួយ មន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចសម្រាប់រដូវបិទនេសាទនេះ សំដៅចូលរួមការពារធនធានជលផលឲ្យមាននិរន្តភាពសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ៕