ដោយ ៖ ប្រុញ វិធិន
ខេត្តក្រចេះ ៖ នគរបាលស្រុកស្នួល បញ្ជូនខ្លួនបុរសម្នាក់ទៅកាន់សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកក្កដានេះ ក្រោយពេលដែលជនសង្ស័យរូបនោះ បានបង្កហិង្សាក្នុងគ្រួសារ និងបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ៍អ្នកដទៃ និងព្យាយាមរត់គេចខ្លួននោះ។
លោកវរសេនីយ៍ឯក ចាន់ សុគីម អធិការស្រុកស្នួល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ មានករណីហឹង្សាមួយបានកើតឡើងនៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ បង្កឡើងដោយបុរសជាប្តីឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មកលើប្រពន្ធឈ្មោះ អឿន សំរស់ ហៅ ស្រីនាង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ តែមិនបានសម្រេចក៏បញ្ចេញកំហឹងដាក់ម៉ូតូរបស់ឈ្មោះ ជិន ស៊ីគួន ភេទប្រុស អាយុ៣៦ឆ្នាំ ដែលជាអ្នកជិតខាងរស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួលជាមួយគ្នា បណ្តាលឲ្យខូចខាតទាំងស្រុង ។
លោកអធិកាស្រុកស្នួល បញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការរដ្ឋាននគរបាលស្រុកស្នួល បញ្ជូនខ្លួនទៅស្ថាប័នអយ្យាការអមសាលាដំបូងរួចរាល់ហើយកាលពីថ្ងៃម្សិលមិញនេះ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់ ។
បើយោងតាមសម្តីរបស់ស្ត្រីរងគ្រោះ ត្រូវជាប្រពន្ធ ឈ្មោះ អឿន សំរស់ បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ គាត់បានខ្ចីម៉ូតូមួយគ្រឿងពីឈ្មោះជិន ស៊ីគួន ម៉ាកហុងដាវេវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ដើម្បីជិះត្រឡប់ទៅផ្ទះជាមួយកូនតូចៗ០២នាក់។ លុះត្រឡប់មកដល់ផ្ទះវិញ គាត់ក៏បានឃើញប្តីរបស់ខ្លួនឈ្មោះ គង់ សំអឿន កំពុងផឹកស្រាសតែម្នាក់ឯងអស់០២លីត្រ ពេលនោះប្តីរបស់គាត់ បានមករករឿង ។ ឃើញដូច្នេះស្ត្រីរងគ្រោះក៏បានជិះម៉ូតូត្រឡប់មកជៀរជ័រកៅស៊ូវិញដូចធម្មតា ស្រាប់តែមួយសន្ទុះក្រោយមកប្តីរបស់គាត់ក៏បានជិះម៉ូតូដេញតាមពីក្រោយដោយមានកាន់កាំបិតផ្គាក់ ហើយបានដេញកាប់ទៅលើរូបគាត់ ប៉ុន្តែគាត់ដឹងខ្លួនមុនក៏រត់គេចបានទាន់ពេល ។ ពេលនោះជនសង្ស័យជាប្តី បានយកកាំបិតផ្គាក់កាប់ទៅលើម៉ូតូដែលប្រពន្ធជិះនោះ ធ្វើអោយខូតខាតទាំងស្រុង ដែលជាម៉ូតូខ្ចីពីឈ្មោះ ជិន ស៊ីគួន ហើយនៅក្រោយពេលបង្កហេតុរួច ជនសង្ស័យបានព្យាយាមរត់គេចខ្លួន ប៉ុន្តែគេចមិនផុតត្រូវសមត្ថកិច្ចតាមចាប់បានយកមកផ្តន្ទាទោសតាមច្បាប់។
ប្រភពដដែល បានបញ្ជាក់ថា កន្លងមកប្តីរបស់គាត់តែងតែផឹកស៊ីរករឿង និងបានប្រើអំពើហិង្សាទៅលើរូបគាត់ជាញឹកញាប់ផងដែរ ៕