ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានចាប់វ៉ៃខ្នោះជនដៃដល់៤នាក់ ខណៈដែល៣នាក់ទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីពួកគេបានរៀបចំគម្រោង សម្លាប់ប្ដីរហូតបានសម្រេច ព្រោះតែស្រឡាញ់ប្រពន្ធរបស់គេ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ថា មេខ្លោង និងបក្ខពួកចំនួន៤នាក់ ក្នុងចំណោម៧នាក់ ដែលបានរៀបចំផែនការសម្លាប់ជនរងគ្រោះ នៅចំណុចផ្លូវទៅចំការត្របែក ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ នោះត្រូវបានបង្ក្រាបហើយ បន្ទាប់ពីធ្វើសកម្មភាពបាន២ម៉ោង ខណៈដែលបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មេក្លោងដែលជាអ្នករៀបចំផែនការ នៃការសម្លាប់ជនរងគ្រោះនេះ គឺបានទាក់ទងប្រពន្ធជនរងគ្រោះហើយបែកគំនិត ឈានទៅដល់ការសម្លាប់ ដោយចោទជនរងគ្រោះជាអ្នកញៀនថ្នាំ រហូតហៅបក្ខពួកមកវាយសម្លាប់តែម្ដង។
លោកបានបន្ដថា មុនសម្លាប់ជនរងគ្រោះឈ្មោះ ជា រ័ត្នថុល គឺជនសង្ស័យបានរៀបចំផែនការ រហូតទៅប្រាប់អាចារ្យនៅវត្តពង្រ ដើម្បីឲ្យរៀបចំដុតជនរងគ្រោះដោយប្រាប់ថា ជាបងប្អូនរបស់ខ្លួនកើតជំងឺថ្លើម ប៉ុន្ដែមិនទាន់បានដុតផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
ចំណែកប្រពន្ធជនរងគ្រោះ ក្រោយការសួរនាំពីសមត្ថកិច្ចគឺមិនមានការពាក់ព័ន្ធនោះឡើយ ហើយគម្រោងសម្លាប់ជនរងគ្រោះនេះ គឺជាផែនការរបស់ក្រុមសង្ស័យតែប៉ុណ្ណោះ ៕