រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិបានព្រមាននឹងចាត់វិធានការរាល់អ្នកលេង Facebook ដែលបង្ហោះខ្លឹមសារផ្ទុយពីច្បាប់ នាំឲ្យមានភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់សណ្ដាប់ធា្នប់សាធារណៈ សន្ដិសុខជាតិ ព្រមទាំងកិត្តិយសថ្នាក់ដឹកនាំ ។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានព្រមានដូច្នេះបន្ទាប់ពីមួយរយៈចុងក្រោយនេះនៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook មួយចំនួនតែងតែបង្ហោះនូវព័ត៌មានដែលមិនមែនជាការពិត ហើយខ្លះទៀតរហូតដល់ការប្រមាថអាយុជីវិតថ្នាក់ដឹកនាំកំពូលថែមទៀត។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការសន្ដិសុខការងារសណ្តាប់ធ្នាប់ សង្គមប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ភារកិច្ចរបស់នគរបាល ត្រូវតែធ្វើម៉ិចរក្សា សន្ដិសុខសង្គម មានន័យថាកុំឲ្យគេប្រើអាហ្នឹង (Facebook) ប្រព្រឹត្តបទល្មើសកុំឲ្យគេប្រើអាហ្នឹងទៅបំពុលបរិយាកាស ដែលបង្កឡើងនូវអសន្ដិសុខ ឬក៏ធ្វើបាបប្រជាពលរដ្ឋ ចឹងសំខាន់បំផុតនគរបាលជាអ្នកអនុវត្តន៍ច្បាប់ ចឹងនគរបាលមើលអ្វីៗទាំងអស់ហ្នឹង ហើយផ្ទៀងផ្ទាត់ជាមួយច្បាប់បើការបង្ហោះហ្នឹង ការប្រើប្រាស់ហ្នឹងវាសមស្របមានផលប្រយោជន៍ដល់សង្គម វាមិនបញ្ហាប៉ុន្ដែបើការ បង្ហោះហ្នឹងវាប៉ះពាល់ និយាយរួមគឺបំពានច្បាប់ ឲ្យតែបំពានច្បាប់នគរបាលនឹងចាត់ចែងអនុវត្តហើយ»។
លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងដែរថា សព្វថ្ងៃនេះដើម្បីទប់ស្កាត់បញ្ហាទាំងអស់នោះ អគ្គស្នងការនគរបាលជាតិ បានបង្កើតនូវ នាយកដ្ឋានមួយ គឺនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថ្វីត្បិតតែនាយកដ្ឋាននេះទើបបង្កើតឡើង ក៏ប៉ុន្ដែមានសមត្ថភាព គ្រប់គ្រាន់លើការស្រាវជ្រាវ និងតាមដានការងារទាំងអស់នោះ ៕