មនុស្សជិត​៣០០​នាក់​ស្លាប់​ដោយសារ​ជំងឺ​គ្រុម​ឈាម​នៅ​ស្រីលង្កា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2017 ក+ ក-

​ស្រីលង្កា ៖ មន្ត្រី​សុខាភិបាល​ប្រទេស​បាន​ថ្លែងថា មនុស្ស​ជិត ៣០០​នាក់​ហើយបានស្លាប់​នៅក្នុង​ឆ្នាំនេះ​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺគ្រុនឈាម ខណៈដែល​មន្ត្រី​ទាំងនោះ​បន្ទោស​ទៅលើ​បញ្ហា​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​នៅ​រដូវវស្សា ដែល​បង្ក​ឲ្យ​មាន​ប្រភពទឹក​ដក​ច្រើន​សម្រាប់​សត្វ​មូស​បង្ក​កំណើត និង​ចម្លង​វីរុស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
​ទីភ្នាក់ងារ​ផ្ដល់ជំនួយ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ កំពុងតែ​បង្កើន​ការ​ផ្ដល់ជំនួយ​សង្គ្រោះបន្ទាន់​ទៅដល់​ប្រទេស​ស្រីលង្កា​តាមរយៈ​កាកបាទក្រហម​ប្រទេស​នេះ ដើម្បី​ជួយ​ទប់ស្កាត់​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​។​
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​ស្រីលង្កា​បានបញ្ជាក់​ថា អ្នកជំងឺ​គ្រុនឈាម កំពុង​ត្រូវបាន​នាំទៅ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​នានា​ពេញប្រៀប​ទៅដោយ​អ្នកជំងឺ ដែល​លើសពី​ទំហំ​របស់​មន្ទីរពេទ្យ​ទៅទៀត ជា​ពី​សេស​នៅ​ខេត្ត​ភាគ​ខាងលិច​ប្រទេស​នេះ ដែល​រង​ជំងឺគ្រុនឈាម​ខ្លាំងក្លា​ជាងគេ​។ ជាមួយគ្នានេះ​ក្រសួងសុខាភិបាល​ស្រីលង្កា​បាន​និយាយថា ចំនួន​អ្នក​ឆ្លង​ជំងឺគ្រុនឈាម​បាន​ហក់​ឡើង​លើសពី​១​សែន​នាក់ ចាប់តាំងពី​ដើមឆ្នាំ​២០១៧​នេះ ដោយបាន​សម្លាប់​មនុស្ស​ដល់​ទៅ ២៩៦​នាក់​៕

1