ភ្នំពេញ ៖ សមត្ថកិច្ចបាននាំស្ត្រីត្រូវចោទករណីចាប់កូនក្មេង ទៅធ្វើកោសល្យវិច្ឆ័យនៅមន្ទីរពេទ្យកាលមែត្រ នឹងមន្ទីរពេទ្យកម្ពុជា សូវៀត លទ្ធផលនាំបង្ហាញថា ជាមនុស្សមានសតិមិនគ្រប់គ្រាន់។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក កម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្តិ៍ទួលសង្កែ បានបញ្ជូនស្ត្រីសតិមិនគ្រប់ទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីពិនិត្យធ្វើកោសល្យវិច្ឆ័យលើរោគសញ្ញាសរសៃប្រសាទ ប៉ុន្តែដោយមន្ទីរពេទ្រកាល់ម៉ែត្រ មិនមានវិជ្ជបណ្ឌិតឯកទេសសំរាប់ពិនិត្យ និងព្យាបាល កម្លាំងអធិការដ្ឋានក៏បានបន្តបញ្ជូនទៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា សូវៀត។
ជាលទ្ធផលនៃការពិនិត្យរបស់ដុកទ័រឯកទេស នៅវេលាម៉ោង១៦ និង៣០នាទីបានបញ្ជាក់ថា ស្ត្រីខាងលើពិតជាមានជម្ងឺសរសៃប្រសាទ ហើយបានផ្តល់ថ្នាំសរសៃប្រសាទសំរាប់លេបព្យាបាលចំនួន៣សប្តាហ៍ ប៉ុន្តែអោយមួយសប្តាហ៍ត្រូវទៅពិនិត្យម្តង ព្រមទាំងបានចេញសំបុត្របើកថ្នាំដល់ស្ត្រីខាងលើនេះយកទៅព្យាបាលជាបន្តបន្ទាប់។
ក្រោយពីទទួលបានលទ្ធផលបឋម ដើមបណ្តឹង និងក្រុមគ្រួសាររបស់ក្មេងស្រី ដែលបានចូលរួមទៅជាមួយសមត្ថកិច្ច និងស្ត្រីជាជនបង្ក សម្រេច មិនបន្តការប្តឹងផ្តល់ទៀតទេ ហើយសមត្ថកិច្ចយើងបានរាយការណ៍ជូនលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង ហើយបានអោយស្ត្រីនោះ វិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានការធានាពីក្រុមគ្រួសារ នៅពេលណាដែលសមត្ថកិច្ចត្រូវការ ត្រូវបង្ហាញមុខគ្រប់ពេល៕