រាជធានីភ្នំពេញ ៖ សាកសពនាយរងប៉ុស្តិ៍ជ្រោយចង្វាមួយរូប ដែលឈរបត់ជើងតូច ហើយងងឹតមុខធ្លាក់ដួលចូលទៅក្នុងទឹកទន្លេក្រោមស្ពានជ្រោយចង្វាចាស់ត្រើយខាងកើត ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ត្រូវបានប្រទះឃើញផុសអណ្តែទើជាប់នឹងបែត្រី ខាងជើងស្ពានជ្រោយចង្វា ចំងាយ២,៥គីឡូម៉ែត្រ ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា កាលពីល្ងាចម្សិលមិញ។
សាកសពត្រូវបានស្គាល់ឈ្មោះ សាយ សឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជានាយរងប៉ុស្តិ៍ជ្រោយចង្វាមានទីលំនៅភូមិព្រែកតាកាវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
គួររំលឹកថា កាលពីវេលាម៉ោង២ និង៤៥នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះពិសាស្រា ហើយទៅឈរបត់ជើងតូចនៅមាត់ទន្លេក្រោមជ្រោយចង្វាចាស់ត្រើយខាងកើត ក្បែរកន្លែងលោកប្រចាំការ តែដោយសារកើតមានអាការៈងងឹតវិលមុខដួលដាំដូងចូលទៅក្នុងទន្លេ បើមានការអន្តរាគមន៍ពីសំណាក់ ក្រុមអ្នកមុជរាវរក ច្រើននាក់ ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ក៏ដោយ តែរកមិនឃើញ រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែកក្កដា នេះទើបសាកសពផុសអណ្តែតតែម្តង។
សាកសពក្រោយប្រទះឃើញ សមត្ថកិច្ចជំនាញ ស្រង់ឡើងគោក ហើយធ្វើការពិនិត្យនិងកោសល្យវិច័យ ជាមុនសិន មុននឹងប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកំណើត ៕