រាជធានីភ្នំពេញ ៖ ជុំវិញព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ CNN និង ABC News ផ្សាយនូវព័ត៌មានដែលដាក់ចំណងជើងថា «ក្មេងស្រីកម្ពុជា ត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ», នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានចេញបញ្ជាក់ថា ប្រភពនៃព័ត៌មាននេះត្រូវបានផ្ដល់ឲ្យអង្គការមួយឈ្មោះ «អង្គការមេត្រីអន្ដរជាតិ មណ្ឌលបណ្ដុះបណ្ដាល» ហៅកាត់ថា AIM ពោលគឺអង្គការនេះជាអ្នកនៅពីក្រោយខ្នង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក ហ៊ុយ វណ្ណៈ បានបង្ហាញនូវគោលបំណងរបស់អង្គការ AIM នេះថា ប្រឌិតព័ត៌មាននេះឡើង គឺដើម្បីចង់បានតែផ្ដល់ប្រយោជន៍ ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយហេតុថានៅពេលអង្គការនេះផ្សាយចេញទៅ គេនឹងទទួលបានជំនួយពីបរទេស ព្រោះគេអះអាងថា គេអ្នកចិញ្ចឹមស្ដ្រីដែលត្រូវបានលក់ ឲ្យបម្រើផ្លូវទាំងនោះ។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្លែងយ៉ាងដូច្នេះថា «វាជារឿងអយុត្តិធម៌បំផុតដែលអង្គការមួយ ដោយគ្រាន់តែជាបុព្វហេតុ នៃការរៃអង្គាសថវិកា ចិញ្ចឹមអង្គការខ្លួនឯង បែរជាប្រឌិតបង្កើតសាច់រឿងតំបន់ស្វាយប៉ាក ដែលបាត់បង់ជាង១០ឆ្នាំទៅហើយ ទៅជាសាច់រឿងមួយថា នៅរស់ហើយនៅកើតមាន ដើម្បីដោះដូរទៅនឹងអំណោយនៃការចិញ្ចឹមអង្គការរបស់ខ្លួន នេះគឺជារឿងអាម៉ាស់បំផុត ហើយគួរតែឈប់ធ្វើទៅ»។
បន្ថែមពីនេះលោក ហ៊ុយ វណ្ណៈ បានវាយតម្លៃថា អ្នកយកព័ត៌មានរបស់ CNN ដែលចុះមកធ្វើព័ត៌មានពីកម្ពុជានេះ គឺគ្មានការយល់ដឹងជ្រៅជ្រះពីបញ្ហា ទាសភាពផ្លូវភេទ នៅក្នុងប្រទេសកម្ពុជាទេ។ អ្នកយកព័ត៌មានរបស់ CNN ទទួលបានត្រឹមរបាយការណ៍ប្រឌិត និងព័ត៌មានមិនពិត ពីសំណាក់ប្ដីប្រពន្ធ ដែលជាសហស្ថាបនិកអង្គការ AIM ឈ្មោះ ដុន ប្រ៊ូស្ទើ (Don Brewsters) និងលោកស្រី ប្រីតចេត ប្រ៊ូស្ទើ (Bridget Brewsters) ដែលពេលនេះកំពុងបន្លំ និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជួយខ្លួនធ្វើយុទ្ធនាការរៃអង្គាសប្រាក់ សម្រាប់ទ្រទ្រង់ការិយាល័យអង្គការផ្ទះ១ល្វែង នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
លោកលើកឡើងយ៉ាងដូច្នេះថា «ទង្វើបែបនេះរបស់ប្រធានអង្គការ AIM គឺនៅក្នុងប្រទេសកម្ពុជា មានពាក្យនិយាយចំអកឲ្យអសីលធម៌បែបនេះថា ពួកដុតផ្ទះគេ ដើម្បីស្ងោរពងមាន់១គ្រាប់។ ហេតុអ្វីបើគ្រាន់តែជា យុទ្ធនាការរៃអង្គាសប្រាក់របស់អង្គការ AIM ដ៏តូចមួយនេះ បែរជាយកកិត្តិនាមកម្ពុជា និងតម្លៃស្ដ្រីកម្ពុជា យកទៅលក់លើឆាកអន្ដរជាតិ ដោយអយុត្តិធម៌បែបនេះ»។
ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ បានអំពាវនាវដល់សមត្ថកិច្ចទាំងអគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងសង្គមកិច្ច ពិនិត្យរកការពិតនៃជនរងគ្រោះដែល អង្គការនេះចិញ្ចឹមថាតើជនរងគ្រោះទាំងនោះមកពីណា ជាអ្នករងគ្រោះដោយសារទារុណផ្លូវភេទ ឬជនអនាថាដែលអង្គការប្រមូលមក។
លោកឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអះអាងថា ក្រសួងមហាផ្ទៃនឹងធ្វើការចុះស្រាវជ្រាវ ស៊ើបអង្កេតដល់អង្គការAIM និងស្ត្រីជនជាតិវៀតណាមម្នាក់ ដែលបានផ្តល់ព័ត៌មានដល់ទូរទស្សន៍ CNN និង ABC News របស់អាមេរិកទាក់ទង នឹងការជួញដូរផ្លូវភេទនៅប្រទេសកម្ពុជា ខណៈការចាក់ផ្សាយរបស់ទូរទស្សន៍ខាងលើនេះ មានលក្ខណៈមើលងាយស្ត្រីកម្ពុជា យ៉ាងខ្លាំងនោះ។
អនុប្រធាននាយកដ្ឋានរូបនេះ ថ្លែងថា «សូមទទួលយកនឹងសំណូមពររបស់ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលទាក់ទង់ទៅនឹងការសុំឲ្យមានការចុះពិនិត្យ ទីតាំងតំបន់ស្វាយប៉ាក ក៏ដូចជាមណ្ឌលរបស់អង្គការ AIM ដើម្បីយើងស្វែងរកការពិតថាតើ មានជនរងគ្រោះនៅក្នុងតំបន់នោះ ឬក្រោយការគ្រប់គ្រងនៃមណ្ឌលរបស់ AIM ឬអង្គការក្រៅរដ្ឋាភិបាល តើមានជនរងគ្រោះពិតប្រាកដប៉ុន្មាននាក់ ហើយជនរងគ្រោះនោះមានជនជាតិខ្មែរដែរឬទេ»។
សូមរំលឹកថា កាលពីប៉ុន្មានឆ្នាំមុន មានអង្គការក្រៅរដ្ឋាភិបាលមួយនៅប្រទេសកម្ពុជា ត្រូវបានអ្នកសារព័ត៌មានរកឃើញថា បានប្រឌិតរឿងករណីរំលោភសេពសន្ថវៈ, ការធ្វើទារុណកម្មផ្លូវភេទ និងការជួញដូរកុមារ ដើម្បីជាថ្នូរនឹងការសុំជំនួយពីបរទេសមកចិញ្ចឹមអង្គការរបស់ខ្លូន។
សូមជំរាបថា បន្ទាប់ពីការផ្សាយវីដេអូរបស់ទូរទស្សន៍អាមេរិក២ធំៗ គឺទូរទស្សន៍ CNN និងទូរទស្សន៍ ABC News ដែលដាក់ចំណងជើងថា «ក្មេងស្រីកម្ពុជា ត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ» បានធ្វើឲ្យមន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានសម្តែងប្រតិកម្មខ្លាំងៗជុំវិញការផ្សាយនេះ, ចំណែកសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ដែលមានលោក ហ៊ុយ វណ្ណៈ ជាប្រធាន បានប្រតិកម្មធ្ងន់ៗទៅចំពោះ ទូរទស្សន៍របស់អាមេរិកទាំង២នេះ ដោយលោកអះអាងថា ការផ្សាយនេះជាការប្រមាថខ្លាំងណាស់ ដល់កិត្តិយសស្ដ្រីកម្ពុជា។
លោក ហ៊ុយ វណ្ណៈ ថ្លែងយ៉ាងដូច្នេះថា «ការផ្សាយនេះវាបំភ្លៃ ជាការមួលបង្កាច់ ដោយអសីលធម៌ និងអយុត្តិធម៌ចំពោះប្រជាជាតិមួយ…ហើយយើងមិនអាច លក់កិតិ្តយស និងកិត្យានុភាពនៃប្រទេសមួយនៅក្នុងបំណងទុច្ចរិតបាននោះទេ ហើយកិច្ចការរបស់ CNN ដែលធ្វើការនេះដោយសារការនៅពីក្រោយនៃ អង្គការ AIM»។
ប្រធានវ័យក្មេង នៃសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា អះអាងថា ទូរទស្សន៍ធំៗ២នេះ មិនគួរណាផ្សាយបំភ្លៃនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន កម្ពុជា ដែលជាប្រជាជាតិមួយ គោរពលើកតម្កើងតម្លៃស្ដ្រី ជាប្រជាជាតិដែលមានស្នាមញញឹមស្រស់ស្រាយរាក់ទាក់ និងជាប្រទេសមួយដែលជាគោលដៅ ទេសចរណ៍វប្បធម៌ ហើយវីដេអូនេះមានកំហុសឆ្គងដោយសារការបកស្រាយមិនត្រឹមត្រូវ ដែលអាចនាំឲ្យមានផលប៉ះពាល់កិត្តិនាមកម្ពុជា នៅលើពិភពលោក។
ដោយបង្ហាញពីភាពជាក់ស្ដែងយ៉ាងច្បាស់ថា CNN កំពុងតែបំពុលពិភពលោក និងបង្ខូចកិត្តិនាមកម្ពុជា ដោយបណ្តាញព័ត៌មាន CNN ថា ស្ដ្រីនោះជាស្ដ្រីកម្ពុជា ប៉ុន្ដែនៅពេលដែលសម្ភាសន៍នោះ ស្ដ្រីដែលអះអាងថា ត្រូវបានលក់ឲ្យបម្រើផ្លូវភេទមិនមែនជាកម្ពុជាឡើយ ដោយស្ដ្រីនោះជាជនជាតិវៀតណាមទៅវិញ៕ (អត្ថបទ FN)