ប៉ាគីស្ថាន ៖ តុលាការកំពូលប៉ាគីស្ថានកាលពីម្សិលមិញបានសម្រេចចិត្តដកតំណែងនាយករដ្ឋមន្ត្រី លោក Nawaz Sharif បន្ទាប់ពីរកឃើញមានអំពើពុករលួយពាក់ព័ន្ធនឹងទ្រព្យសម្បតិ្តគ្រួសាររបស់លោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ចៅក្រម Ejaz Afzal Khan នៅក្នុងតុលាការបានថ្លែងថា ការសម្រេចចិត្តបែបនេះរបស់តុលាការកំពូលប៉ាគីស្ថាន ធ្វើឡើងក្រោយលេចធ្លាយនូវរឿងអាស្រូវពុករលុយ Panama Papers កាលពីឆ្នាំ២០១៥ ដែលថា កូនប្រុសរបស់នាយករដ្ឋមន្ត្រីរូបនេះ មានក្រុមហ៊ុនលួចលាក់ជាច្រើននៅឯបរទេស។ លោកបានបញ្ជាក់ថា លោក Nawaz Sharif លែងមានសិទ្ធិស្របច្បាប់ ធ្វើសមាជិកសភាទៀតបានឡើយ ហើយគាត់ត្រូវបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រី។
ទោះជាបែបនេះក្តីនាយករដ្ឋមន្ត្រីវ័យ៦៧ឆ្នាំដែលឡើងកាន់តំណែងចាប់តាំងពីឆ្នាំ២០១៣មក បានបដិសេធ ហើយបានហៅការស៊ើបអង្កេតនេះថា លំអៀង និងមិនត្រឹមត្រូវ ខណៈតុលាការកំពូល ក៏បានបង្គាប់ឱ្យបើកការស៊ើបអង្កេត លើបទឧក្រិដ្ឋប្រឆាំងនឹងនាយករដ្ឋមន្ត្រីរូបនេះផងដែរ៕