កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​គ្រាប់​កាលពី​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 July, 2017 ក+ ក-

ជប៉ុន ៖ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ បាន​ឲ្យ​ដឹងថា កាលពី​ម្សិលមិញ​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​គ្រាប់​ទៀតហើយ បន្ទាប់ពី​គម្រប់​ខួប​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ កន្លងផុត​ទៅបាន​មួយថ្ងៃ​។ នេះ​បើតាម​ការផ្សាយ​ដោយសារ​ព័ត៌មាន​អង់គ្លេស BBC​។​
​នាយករដ្ឋមន្ត្រី​ជប៉ុន​រូ​បន​បាន​បន្តថា មី​ស៊ី​ល​នោះ​ទំនងជា​បាន​ធ្លាក់ចូល​ទៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែល​ស្ថិតក្នុង​ដែនសមុទ្រ​ជប៉ុន ដែល​ហោះ​មាន​ចំងាយ​ប្រមាណ​១០០០​គីឡូម៉ែត្រ​។​
​ជាមួយគ្នានេះ អគ្គសេនាធិការ​ចម្រុះ​នៃ​យោធា​កូរ៉េខាងត្បូង ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​ចេញពី​ខេត្ត Jagang ភាគ​ខាងជើង នៃ​ប្រទេស​កូរ៉េខាងជើង កាលពី​វេលា​ម៉ោង​១១ និង​៤១​នាទី​យប់​ថ្ងៃ​សុក្រ​នេះ (​ម៉ោង​នៅ​កូរ៉េខាងត្បូង​)​។ ម្យ៉ាងវិញទៀត ក្រសួងការពារជាតិ​អាមេរិក ក៏បាន​បញ្ជាក់ដែរថា សកម្មភាព​បាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង​ចំនួន​មួយ​គ្រាប់​ត្រូវ​ចាប់​សញ្ញា​បាន​ពី​កូរ៉េខាងជើង​៕

1