ចម្លាក់​បដិមា​ដ៏​ធំ​ត្រូវបាន​រកឃើញ​នៅ​តំបន់​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រទះឃើញ​ចម្លាក់​បដិមា​ដ៏​ធំ ដែល​សន្និដ្ឋាន​ជាបឋម​ថា​ជា​ទ្វារបាល ។ ការប្រទះឃើញ​នេះ​ស្ថិតនៅ​មន្ទីរពេទ្យ ទន្លេ​ស្ងួត​ខាងជើង​ក្រុង​អង្គរធំ ប្រហែល​១​គីឡូម៉ែត្រ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​។​
​បដិមា​ដ៏​ធំ​មាន​កម្ពស់​១,៩០​ម៉ែត្រ និង​ស្មា​ទទឹង​០,៥៨​ម៉ែត្រ ស្ថិតក្នុង​រចនាបថ​បាយ័ន​។ បដិមា​នេះ​កំបុត​ដៃ​ទាំងពីរ​ត្រឹម​ស្មា កំបុត​ជើង​ស្តាំ​ត្រឹម​កជើង និង​ជើងឆ្វេង​ត្រឹម​គល់ភ្លៅ​។ ចំណែក​ដងខ្លួន​និង​ព្រះ​កេស​នៅមាន​ក្បាច់ ចម្លាក់​សម្លៀកបំពាក់ និង​ក្បាំង​សក់​នៅ​ស្អាត​ទាំងអស់​។ បដិមា​នេះ​កប់​ជ្រៅ​ក្នុង​ដី​ប្រមាណ​ត្រឹម​៤ តឹក​ប៉ុណ្ណោះ​ក្នុងពេល​អ្នកស្រាវជ្រាវ​ធ្វើ​កំណាយ​រកឃើញ ដោយ​ដេក​ផ្ងារពោះ​បែរ​ព្រះ​កេស​ទៅ​ទិស​ខាងលិច ទៅ​ព្រះវិហារ​នៃ​មន្ទីរពេទ្យ​នេះ​។​
​លោក ខៀន ច័ន្ទ មន្ត្រី​ជំនាញ​ផ្នែក​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ការដ្ឋាន​កំណាយ​នេះ​បញ្ជាក់ថា វា​ជាការ​ប្រទះ​ដោយ​ចៃដន្យ ក្នុងពេលដែល​ក្រុមការងារ​ធ្វើ​កំណាយ ដើម្បី​សិក្សា​អំពី​ទំនាក់ទំនង​រវាង ប្រឡាយ​មុខ​មន្ទីរពេទ្យ និង​រចនាសម្ព័ន្ធ នៃ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​។ ការប្រទះឃើញ​ចម្លាក់​ដ៏​ធំ​នេះ ក៏​ចាត់​ថា​ជា​សំណាងល្អ​មួយ ដែល​អាច​ឲ្យ​យើង​យកទៅ​រក្សាទុក​ក្នុង​ទីកន្លែង​សមរម្យ ហើយ​ងាយស្រួល​សម្រាប់ អ្នកស្រាវជ្រាវ ដើម្បី​សិក្សា​លម្អិត បន្ថែមទៀត ៕

20526774_1914289648809596_966364822_n20504245_1914289645476263_454018628_n