ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ បុគ្គលិកសហគមន៍សន្សំប្រាក់ចំនួន៤រួមនិងពលរដ្ឋជិត២០០នាក់ក្នុងស្រុកសង្កែ បានលើកគ្នាផ្ទុះការតវ៉ានៅមុខសាលាខេត្តគោលបំណងទាមទារយកសហគមន៍ខ្លួនមកដំណើរការឡើងវិញដោយមិនចំណុះក្រោមការគ្រប់គ្រងរបស់សហព័ន្ធ។
ការលើកគ្នាផ្ទុះការតវ៉ានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅបរិវេណខាងមុខសាលាខេត្តបាត់ដំបងក្នុងគោលបំណងដើម្បីសុំអោយលោកអភិបាលខេត្តជួយរកដំណោះស្រាយជូនពួកគាត់អោយបានសហគមន៍មកដំណើរការរកស៊ីឡើងវិញដោយមិនចំណុះអោយសហព័ន្ធ។
លោក ធុជ ផល្លា តំណាង អោយបុគ្គលិកសហគមន៍ចំនួន៤និងតំណាងពលរដ្ឋរាប់រយនាក់បានលើកឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្តដានេះថា បុគ្គលិក ក្នុងសហគមន៍សរុបចំនួន៣៥នាក់មកពីសហគមន៍ចំនួន៤រួមមាន ៖ សហគមន៍វឌ្ឍនះ, សហគមន៍អូរមុន្នី, សហគមន៍កំពង់ព្រៀង និងសហគមន៍ខេមរា រួមនិងប្រជាពលរដ្ឋរាប់រយនាក់ដែលជាសមាជិក សន្សំប្រាក់ និងប្រាក់កម្ចីផងដែរ មកថ្ងៃនេះក្នុងគោលបំណងសុំអោយលោកអភិបាលខេត្តបាត់ដំបងជួយរកដំណោះស្រាយជូនពួកគាត់អោយបានសហគមន៍មកគ្រប់គ្រងវិញដោយមិនចំណុះអោយសហព័ន្ធនោះទេ ដើម្បីអភិវឌ្ឍន៍ភូមិឃុំរបស់គាត់។
លោកបានបញ្ជាក់ថា រយៈពេលកន្លងមកសហពន្ធ័បានឃុបឃិតគ្នាអនុមត័ដាក់បញ្ចូលអោយសហគមន៍ឋិតក្រោមការគ្រប់គ្រង់របស់ខ្លួន ដែលការដាក់ បញ្ចូលនេះសហពន្ធ័បានផ្លាស់ប្តូរមុខងារនិងតួនាទីរបស់បុគ្គលិកឬអ្នកគ្រប់គ្រង់របស់សហគមន៍មិនសមរម្យនិងមិនអាចទទួលយកបានដោយអ្នកគ្រប់គ្រង់សហគមន៍ខ្លះត្រូវបានផ្លាស់ប្តូរទៅជាកម្លាំងសន្តិសុខជាដើម។
ប្រភពបានលើកឡើងទៀតថា សហពន្ធ័កន្លងមកគ្រាន់តែទ្រទ្រង់ផ្នែកបច្ចេកទេសនិងមានលុយតម្កល់អោយសហគមន៍ខ្ចីធ្វើដើមទុនប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នសហគមន៍មានលទ្ធភាពនិងទទួលបានជោគជ័យលើការងារយ៉ាងប្រសើរឃើញដូចនេះសហព័ន្ធចង់ក្តោបក្តាប់អោយសហគមន៍ឋិតក្រោមចំណុះរបស់ខ្លួនទៅវិញនិងបានដឹកនាំកម្លាំងសមត្ថកិច្ចទៅកាត់សោរនៅក្នុងសហគមន៍ដឹកយកទ្រព្យសម្បត្តិអស់ទៀតផង៕