បាងកក ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃអង្គារនេះបានមកដល់តុលាការក្នុងទីក្រុងបាងកក ដើម្បីផ្តល់ទឡ្ហីករណ៍ជាលើកចុងក្រោយនៃការចោទប្រកាន់ក្នុងករណីធ្វេសប្រហែសក្នុងការបំពេញតួនាទីរបស់លោកស្រីក្នុងគម្រោងឧបត្ថម្ភធនដើម្បីទិញ ស្រូវពីកសិករដែលគម្រោងនោះបានធ្វើឲ្យរដ្ឋខាតបង់ប្រាក់រាប់ពាន់លានដុល្លារអាមេរិក។
សវនាការរឿងក្ដីរបស់លោកស្រីនៅក្រោមរដ្ឋាភិបាលយោធាថៃនេះត្រូវបានមនុស្សជាច្រើនមើលឃើញថា ត្រូវបានជំរុញពីផ្នែកនយោបាយដែលព្យាយាមធ្វើឲ្យប៉ះពាល់ដល់ចលនាអ្នកប្រជានិយមដែលតែងតែឈ្នះរាល់ការបោះឆ្នោតទាំងអស់ចាប់តាំងពីឆ្នាំ២០០១មក។ ជាមួយវត្តមាននៅតុលាការតបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏មានក្រុមអ្នកគាំទ្រលោកស្រីរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការដើម្បីទទួលស្វាគមន៍ និងជូនផ្កាទៅដល់លោកស្រីផងដែរ។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំប្រសិនបើលោកស្រីត្រូវបានតុលាការរកឃើញថា មានទោសដូចការចោទប្រកាន់៕