ខេត្តកណ្តាល ៖ កាលពីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០១៧ កម្លាំងរដ្ឋបាលព្រៃឈើរបស់ខេត្តកណ្តាល ប្រដេញចាប់បានរថយន្តយោធាមួយគ្រឿងដឹកឈើពេញគ្របតង់ជិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ម្តុំព្រែកព្នៅ។ ក្រោយឃាត់បានអ្នកបើកបរដាក់មេប្រូចបាត់ ក្រោយមករថយន្តនោះត្រូវបានបញ្ជូនមកសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល ស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីធ្វើការវាស់វែង ។
រថយន្តខាងលើត្រូវគេរាយការណ៍ថា ដឹកឈើល្មើសច្បាប់ ដោយអាងស្បែករថយន្តយោធាធ្វើជាខ្នងដោយមានអ្នករកស៊ីជាអ្នកមានអំណាចនៅពីក្រោយ សូម្បីមន្ត្រីរដ្ឋបាលព្រៃឈើក៏បានចូលរួមបិទបាំងស្លាកសញ្ញា ឡូហ្គោ ដែលបិទលើ រថយន្តនោះទៀតផង ហើយ មិនអោយអ្នកកាសែតថតយករូបភាពឡូហ្គោអង្គភាពដែលបិទជាប់លើរថយន្តនោះទេ ។
លោក ដារ៉ារ័ត្ន នាយខណ្ឌរដ្ឋបាលព្រៃឈើកណ្តាលបានប្រាប់អ្នកកាសែតថា លោកមិនដឹងរឿងនឹះទេ លោកកំពុងនៅក្រៅប្រទេសមានរឿងអីអាចសួរទៅនាយរងដែលលោកបានផ្ទេរសិទ្ធិ និងសួរទៅខាងសង្កាត់ផ្ទាល់ ។
ដោយឡែកមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់អង្គស្នួលកុំថាឡើយសួរ សូម្បីតែអោយនៅក្បែកន្លែងរាប់ឈើក៏មិនអនុញ្ញាតដែរ ដោយគេថាចាំសម្រេចពីមេសិន តែក្រោយមកពេលព្រមអោយចូលថត ឡូហ្គោ នោះ តែត្រូវគេលួចហែកចោលនៅសល់តែស្នាមព្រៀលៗដែលមានសរសេរអក្ស M នៅចំកណ្តាលឡូហ្គោ។
លោក ទឹម ស៊ីថង់ នាយសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលលើកឡើងថា លោកមិនស្គាល់ ឡូហ្គោ នោះជារបស់អង្គភាពណាទេ និងសុំមិនធ្វើការអត្ថាធិប្បាយលើករណីនេះ ។
លុះមកដល់ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ នេះ កម្លាំងជំនាញកំពុងរាប់ចំនួនឈើនៅក្នុងរថយន្ត តែគេមិនទាន់បង្ហាញថា មានប្រភេទឈើអ្វីខ្លះ និងមានចំនួនប៉ុន្មាន ហើយជារបស់អ្នកណានៅឡើយទេ៕