ដោយ ៖ ប្រុញ វិធិន
ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបបានឃាត់រថយន្ដសាំយ៉ុងដឹកឈើអារគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើចំនួន ៥គ្រឿង ក្រោមការសម្របសម្រួលពីលោក ជា សុភក្រ័ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ។ ករណីបង្ក្រាបរថយន្តល្មើសច្បាប់ខាងលើ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើឡើងនៅចំណុចហាងបាយ យីហោ (អូននាង)ស្ថិតនៅ ភូមិគោលាប់ ឃុំគោលាប់ស្រុកចិត្របុរីខេត្តក្រចេះ កាលពីវេលាម៉ោង ៧នឹង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នេះ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កម្លាំងចម្រុះដែលចូលរួមបង្ក្រាប នោះរួមមាន នគរបាលខេត្តជំនាញរដ្ឋបាលព្រៃឈើថ្មក្រែ អាវុធហត្ថស្រុកចិត្របុរី អាវុធហត្តខេត្ត យោធាខេត្ត ដោយបានរួមសហការឃាត់រថយន្ដសាំយ៉ុងទាំង០៥គ្រឿង ដឹកឈើគ្មានច្បាប់អនុញ្ញាត ដែលតែងតែបើកបរបង្កភាពភយ័ខ្លាចដល់ពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ព្រោះរថយន្ដដឹកឈើទាំងនោះបើកបរក្នុងល្បឿនយ៉ាងលឿន ហើយតែងតែបើកវ៉ា ជែងគេដោយគ្មានគោរពច្បាប់ចរាចរណ៍បន្តិចសោះឡើយ ។
សមត្ថកិច្ចបានបន្តទៀតថា ឈើដែលកម្លាំងចម្រុះឃាត់បាននោះជាប្រភេទឈើ លេខ១ លេខ២ លេខ៣ តែមិនទាន់ដឹងចំនួនម៉ែត្រគូបនោះទេ ព្រោះកម្លាំងកំពុងធ្វើការវាស់វែង ហើយឈើ និង រថយន្ដល្មើសច្បាប់ទាំងនោះ ត្រូវកម្លាំងរដ្ឋបាល ព្រៃឈើ យកទៅរក្សាទុកនៅស្នាក់ការបណ្តុះកូនឈើខ្សារដើម្បីកសាងសំណុំឯកសារ ចាត់ការតាមនីតិវិធី ច្បាប់ស្តីពីព្រៃឈើ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះ បានសាទរចំពោះចំណាត់ការរបស់សមត្ថកិចចម្រុះដែលធ្វើការ បង្ក្រាបរថយន្ដដឹកឈើទាំងនោះ ជាពិសេស រថយន្ដដឹកឈើ នាពេលព្រឹកព្រលឹមថា រថយន្ដទាំងនោះតែងតែបើកបរក្នុងល្បឿនយ៉ាងលឿន មិនគោរពច្បាប់ ធ្វើឲ្យពួកគាត់ភ័យខ្លាច ក្នុងការធ្វើដំណើរតាមដងផ្លូវ ជាពិសេស ពេលគាត់ដឹកកូនទៅសាលារៀន មានពេលខ្លះគេចពីរថយន្ដដឹកឈើទាំងនោះធ្លាក់ផ្លូវក៏មានដែរ៕