សេអ៊ូល ៖ កងកម្លាំងទ័ពអាកាសអាមេរិកគ្រោងនឹងបញ្ជូបយន្ដហោះចម្បាំង F-16 ១២គ្រឿង និងកងទ័ពអាកាសប្រមាណ២០០នាក់បន្ថែមទៀតដើម្បីដាក់ពង្រាយរយៈពេល០៤ខែនៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today ។
ការសម្រេចចិត្តបែបនេះ ធ្វើឡើងនៅចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ កាន់តែតានតឹងឡើង ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង ICBM លើកចុងក្រោយកាលពីថ្ងៃសុក្រសប្ដាហ៍មុន និងរំពឹងថាទីក្រុងព្យុងយ៉ាង អាចនឹងបំផ្ទុះ ក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ ឬក៏ធ្វើតេស្ដមីស៊ីលផ្លោងជាថ្មីនៅក្នុងពេលឆាប់ៗនេះ។
យោងតាមកងកម្លាំងទ័ពអាកាសអាមេរិកយន្ដហោះចម្បាំង F-16 ១២គ្រឿង និងកងទ័ពអាកាស ២០០នាក់ នឹងត្រូវដកចេញពីកងអង្គភាពទ័ពអាកាសទី១៧៦ នៃឆ្មាំការពារដែនអាកាសក្នុងរដ្ឋ Wisconsin ហើយពួកគេនឹងមកដល់កូរ៉េខាងត្បូង យ៉ាងយូរនៅក្នុងខែសីហានេះ ដើម្បីឈរជើងរយៈពេល០៤ខែ នៅឯមូលដ្ឋានទ័ពអាកាស Kunsan ស្ថិតនៅចំងាយប្រមាណជា១៨០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល៕