បាងកក ៖ យោងតាមមន្ត្រីការិយាល័យអន្តោប្រវេសន៍បានឲ្យដឹងថា ចំនួនពលរដ្ឋកូរ៉េខាងជើងដែលបាន ចូលក្នុងប្រទេសថៃដោយខុសច្បាប់គឺបានកើនឡើងក្នុងពេលប៉ុន្មានខែថ្មីៗនេះខណៈភាពតានតឹងបានកើនឡើងនៅឧបទ្វីបកូរ៉េដោយសារតែកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។
ប្រទេសថៃគឺស្ថិតនៅលើផ្លូវឆ្លងកាត់ដ៏ពេញនិយមមួយសម្រាប់ប្រជាជនកូរ៉េខាងជើងដែលបានចាកចេញពីរដ្ឋកុម្មុយនីសក្រីក្រមួយនេះ។ មនុស្សរាប់រយនាក់បានភៀសខ្លួនជារៀងរាល់ឆ្នាំទៅកាន់ប្រទេសចិននិងធ្វើដំណើរទៅប្រទេសថៃបន្ទាប់ពីដំណើរឆ្លងកាត់តាមផ្លូវគោកពីកន្លែងដែលពួកគេជាទូទៅត្រូវបានបញ្ជូនទៅប្រទេសកូរ៉េខាងត្បូង។
យោងតាមទិន្នន័យពីការិយាល័យអន្តោប្រវេសន៍របស់ប្រទេសថៃបានឲ្យដឹងថា នៅឆ្នាំ២០១៦ មានជនជាតិកូរ៉េខាងជើងចំនួន៥៣៥នាក់បានទៅដល់ប្រទេសថៃប៉ុន្តែក្នុងរយៈពេលត្រឹមតែ៦ខែដំបូងប៉ុណ្ណោះនៃឆ្នាំនេះគឺមានចំនួន៣៨៥នាក់ទៅហើយ។
មន្ត្រីអន្តោប្រវេសន៍ម្នាក់ដែលបាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា “ពលរដ្ឋកូរ៉េខាងជើងជាមធ្យមពី២០ទៅ៣០នាក់បានមកដល់រាល់សប្ដាហ៍នៅភាគខាងជើងប្រទេសថៃ”។
ការកើនឡើងនេះបានកើតឡើងបើទោះបីជាមានការត្រួតពិនិត្យយ៉ាងតឹងតែងដោយកូរ៉េខាងជើងនៅតាមព្រំដែនរបស់ខ្លួនជាប់ប្រទេសចិនក៏ដោយ។ វាស្របពេលជាមួយនឹងភាពតានតឹងដែលកំពុងកើនឡើងនៅលើឧបទ្វីបកូរ៉េជុំវិញការធ្វើតេស្តនុយក្លេអ៊ែរនិងមីស៊ីលរបស់ក្រុងព្យុងយ៉ាងនិងការព្រមានដោយសហរដ្ឋអាមេរិកដែលថា ខ្លួនបានបាត់បង់ភាពអត់ធ្មត់ជាមួយរដ្ឋឯកោមួយនេះហើយ។
ជាផ្លូវការ ប្រទេសថៃបានចាត់ទុកពលរដ្ឋកូរ៉េខាងជើងដែលចូលក្នុងប្រទេសរបស់ខ្លួនថាជាជនអន្តោប្រវេសន៍ខុសច្បាប់ជាជាងជនភៀសខ្លួន។
ប្រទេសថៃមិនបានចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៥១ស្តីពីជនភៀសខ្លួនទេហើយក៏មិនមានច្បាប់ជាក់លាក់ណាមួយស្តីពីជនភៀសខ្លួនផងដែរ៕