រាជធានីភ្នំពេញ ៖ នៅក្នុងវេទិកាសាធារណកាលពីព្រឹកមិញបានផ្ទុះនូវព្រឹត្តិការណ៍ដ៏ព្រឺព្រួចមួយ ខណៈដែល ប្រជាពលរដ្ឋប្រមាណ៤០នាក់នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញបានជជីកសួរដេញដោលលោកចៅសង្កាត់ថ្មីមកពីគណបក្សសង្គ្រោះជាតិ រឿងលុយអភិវឌ្ឍន៍ឃុំ-សង្កាត់ ៥០ម៉ឺនដុល្លារ ដែលគណបក្សប្រឆាំងមួយនេះ បានថ្លែងសន្យាក្នុងពេលឃោសនាបោះឆ្នោតឃុំ សង្កាត់ នាពេលកន្លងទៅ។ ក្រុមប្រជាពលរដ្ឋក៏បានជជីកសួររឿងលុយឧបត្ថម្ភ១០ដុល្លារសម្រាប់ជួយដល់ចាស់ជរា ដែលគណបក្សមួយនេះ បានសន្យាកាលពីឆ្នាំ២០១៣ផងដែរ។
យ៉ាងណាក៏ដោយ លោក អ៊ុក ស៊ីណាត់ ចៅសង្កាត់ បានឆ្លើយទាំងរញីរញ័រទៅកាន់ប្រជាពលរដ្ឋថា ឥឡូវនេះសង្កាត់មិនទាន់មានលុយនោះទេ ហើយលុយទាំងអស់នេះអាចទទួលបាន លុះត្រាតែគណបក្សរបស់ខ្លួនជាប់ឆ្នោតថ្នាក់ជាតិសិន។
ការឆ្លើយតបរបស់លោកចៅសង្កាត់រូបនោះមិនបានធ្វើឲ្យពលរដ្ឋស្ងប់ចិត្តនោះទេ ហើយចាត់ទុកថា ការឆ្លើយនោះគ្រាន់តែជាការដោះសារយករួចខ្លួនប៉ុណ្ណោះ ។ ពលរដ្ឋថា ការសន្យាមុនការបោះឆ្នោតរបស់បក្សប្រឆាំងគឺជាការបោកប្រាស់ ៕