បង្ក្រាប​ឆ្អឹង និង​ជង្គង់​មាន់​ខូចគុណភាព​ជិត​១​តោន​នាំ​ពី​ប្រទេស​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ ផលិតផល​បក្សី​ឆ្អឹង និង​ជង្គង់​មាន់​ជិត​១​តោន​ខូចគុណភាព​ដែល​ឈ្មួញ​នាំ​ពី​ប្រទេស​ថៃ​ចូលមក​ក្រុង​ប៉ោយប៉ែត ដឹក​បង្កប់​តាមរ​ទះ​កម្មករ​ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បង្ក្រាប​យកមក​ដុត​កំទេចចោល​។​
​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹងថា មានការ​សម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ការបង្ក្រាប​នេះ​មន្ត្រី​ជំនាញ​ឃាត់​បានតែ​ផលិតផល​បក្សី​ខូច​គុណ​ភា​សរុប​៨២០​គីឡូក្រាម ចំណែក​ឈ្មួញ​អ្នក​នាំចូល​បាន​រត់គេចខ្លួន ខណៈដែល​មន្ត្រី​ជំនាញ​កំពុង​ឆែកឆេរ​ត្រួតពិនិត្យរ​ទះ​កម្មករ​ដឹក​ផលិតផល​បក្សី​ហាមឃាត់​ខុសច្បាប់​។​
​លោក លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​បន្តទៀត​ថ​ថា ផលិតផល​ទាំងនោះ​ត្រូវបាន​ច្បាប់​ក្រសួងពាណិជ្ជកម្ម​ប្រទេស​កម្ពុជា​ហាមឃាត់​មិន​អនុញ្ញាតិ​ឱ្យ​នាំចូល​ក្នុងប្រទេស​កម្ពុជា​នោះឡើយ​វា​ជា​ប្រភេទ​ផលិតផល​កាកសំណល់​ដែល​ខាង​ថៃ​គេ​ពន្លះ​យក​សាច់​អស់ នៅសល់តែ​ឆ្អឹង ហើយ​ឈ្មួញ​ខ្មែរ​បែរជា​នាំចូល​លួចលាក់​ខុសច្បាប់ បម្រុង​យកមក​ចែកចាយ នៅលើ​ទីផ្សារ​កម្ពុជា មិន​គិតពី ផលប៉ះពាល់​សុខភាព ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិនបាន​ដឹង​ទិញយក​ទទួលទាន​បង្ក​គ្រោះថ្នាក់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​នោះ​។​
​លោក​ប្រាប់​ឱ្យដឹងទៀតថា មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​ដើម្បី​គិតគូ​ពី​សុខភាព​ប្រជាពលរដ្ឋ មន្ត្រី​ជំនាញ អនុវត្តតាម​តួ​នា​ភារកិច្ច បាន​យកចិត្តទុកដាក់​ក្នុងការ​ត្រួតពិនិត្យ​ជាប្រចាំ​ដើម្បី​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​ផលិតផល​ទំនិញ​ខូចគុណភាព និង​ទំនិញ​គ្មាន​សុវត្ថិភាព​នៅ​មាត់​ច្រកទ្វារព្រំដែន និង​នៅលើ​ទីផ្សារ ។​កន្លងមក​ផលិតផល​ទំនិញ​ខូចគុណភាព​ជាច្រើន​សន្ធឹក​សន្ធាប់​ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បានជា​បន្តបន្ទាប់​ផងដែរ​។​
​លោក​បញ្ជាក់​ឱ្យដឹងទៀតថា បើតាម​ច្បាប់​ទាំង​ឈ្មួញ និង​អ្នកស៊ីឈ្នួល​ដឹកជញ្ជូន​មាន​ចេតនា​នាំចូល​ផលិតផល​ទំនិញ​ខូចគុណភាព បង្គ​គ្រោះថ្នាក់​សុខភាព​ប្រជាពលរដ្ឋ ត្រូវ​ប្រឈម​និង​មុខ​ច្បាប់​ដាក់ទោស​ទណ្ឌ​ស្មើភាព​គ្នា​។​ផលិតផល​បក្សី​ខូចគុណភាព​ខាងលើ​នៅ​រសៀល​ថ្ងៃ​ដដែល​ត្រូវបាន​មន្ត្រី​ជំនាញ​យកទៅ​ដុត​កំទេចចោល​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​។​
​សូម​រំលឹកថា​ផលិតផល​បក្សី​ខូចគុណភាព​នោះដែរ​កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ ម្សិលមិញ ផលិតផល​បក្សី​ខូចគុណភាព​សរុប​៦២០​គីឡូក្រាម​ក៏ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បានធ្វើការ​បង្ក្រាប​និង​យក​ដុតបំផ្លាញ​ចោល​រួចហើយ​ផងដែរ​៕

Cc2