និស្សិត​សាកលវិទ្យាល័យ​ម៉ាឡេស៊ី ប៉ាហាំង​(UMP) ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សកល​វិទ្យាល័យ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 August, 2017 ក+ ក-

ថ្នាក់ដឹកនាំ​គណៈ​សាស្ត្រាចារ្យ​និង​និស្សិត​សាកលវិទ្យាល័យ​ម៉ាឡេស៊ី ប៉ាហាំង (University Malaysia Pahang UMP) ចំនួន​១១​នាក់មក​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ​កម្ពុជា​។​
នៅក្នុង​កិច្ច​ស្វាគមន៍ ថ្នាក់ដឹកនាំ​គណៈ​សាស្ត្រាចារ្យ និង​និស្សិត មកពី​សាកលវិទ្យាល័យ​ម៉ាឡេស៊ី ប៉ាហាំង មាន​ថ្នាក់ដឹកនាំ​និង​គណៈ​សាស្ត្រាចារ្យ​គ្រប់​មហាវិទ្យាល័យ​ក្នុង​សាកលវិទ្យាល័យ​កម្ពុជា បានបង្ហាញ ពី​កម្មវិធីសិក្សា របស់​មហាវិទ្យាល័យ​នីមួយៗ និង​ការ​ឈ្នះ​ពានរង្វាន់​បន្តបន្ទាប់​នៅ​ថ្នាក់ជាតិ និង​អន្តជាតិ​របស់​និស្សិត​សកល​វិទ្យាល័យ​កម្ពុជា ក្នុង​ការជជែក​ពិភាក្សា លើ​ប្រធានបទ​ផ្សេងៗ​។
ក្រោយពី​ស្តាប់​កិច្ច​ស្វាគមន៍​របស់​ថ្នាក់ដឹកនាំ និង​គណៈ​សាស្ត្រាចារ្យ​គ្រប់​មហាវិទ្យាល័យ​របស់​សាកល វិទ្យាល័យ​កម្ពុជា រួចមក​តំណាង​ថ្នាក់ដឹកនាំ​គណៈ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ម៉ាឡេស៊ី ប៉ាហាំង លោកស្រី បា​ដាវី​អា​ហ៍ ម៉ូ​ស្តា​ហ្វា​( Badaviah Mustafa) ថ្លែងថា គាត់​ដឹកនាំ​និស្សិត មក​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការសិក្សា របស់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​នេះ ដែល​នៅ​ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ការផ្សព្វផ្សាយ​ពី​មោទនភាព​នៃ​អ្នកសិក្សា​នៅ​សាកលវិទ្យាល័យ​កម្ពុជា​ថា មាន​ទេពកោសល្យ ខ្លាំង​ជាង​សាកលវិទ្យាល័យ​ដទៃ ក្នុង​វិស័យ​អប់រំ​។ ម្យ៉ាងទៀត​ទស្សនកិច្ច​នេះ គឺ​ចង់​រៀនសូត្រ​ពី​វប្បធម៌​ជាតិខ្មែរ ដែល​សង់​ប្រាសាទ​អង្គរ ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។​
សកល​វិទ្យាល័យ​កម្ពុជា​នេះ ស្ទើរ​រៀងរាល់ខែ បាន​ស្វាគមន៍ គណៈប្រតិភូ​មកពី​សាលា​តំបន់​អាស៊ី និង​អឺរ៉ុប មក​ធ្វើ​ទស្សនកិច្ច​សិក្សា ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​នៃ​ការសិក្សា ដើម្បី​រៀនសូត្រ​ពីគ្នា ពង្រឹងគុណភាព​លើ​វិស័យ​សិក្សាធិការ​៕ ប្រភព ៖ អ្នកស្រី អ៊ុក សាវ​បូរី រូបភាព លោក អ៊ួ​ង សុភា​រុន ២០/១២/១៦