កម្ពុជា​-​ស៊ុយ​អ៊ែត នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ស្ដីពី ​”​បញ្ហា​សិទ្ធមនុស្ស​”
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2017 ក+ ក-

​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានទទួល​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ស្ដីពី​”​បញ្ហា​សិទ្ធមនុស្ស​”​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ​។
​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា​នេះ បាន​ទ​ទួ​ជួប​លោក​លោកស្រី​ម៉ា​រៀ សា​គ្រី​ន​(Maria Sargren)​ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ប្រចាំ​ប្រទេស​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​ការរៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ស្ដីពី​”​បញ្ហា​សិទ្ធមនុស្ស​រវាង​កម្ពុជា និង​ស៊ុយ​អ៊ែត​”​។​
​លោក ជេ​ត ជាលី អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ថា ជំនួប​រវាង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជាមួយ​ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា គឺ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ស៊ុយ​អ៊ែត នៅ​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​ខាងមុខនេះ​។
​លោក ជេ​ត ជាលី បាន​ឲ្យ​ដឹង​បន្ត ថា កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​រវាង​កម្ពុជា និង​ស៊ុយ​អ៊ែត ត្រូវបាន​រៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​ផ្លាស់ប្ដូរ​ត្រូវ​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ឆ្នាំនេះ​ប្រទេស​កម្ពុជា នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចពិភាក្សា​នេះ​។ ប្រធានបទ​សំខាន់ៗ​ចំនួន​៥​នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ ដូចជា​៖​ទី​១.​ភាពស្មើគ្នា​នៃ​សិទ្ធិ​របស់​ស្ដ្រី និង​សិទ្ធិ​របស់​ភេទ​ទី​៣,​ទី​២.​សិទ្ធិ​ទទួលបាន​ព័ត៌មាន​,​ទី​៣.​ការសរសេរ​របាយការណ៍​ត្រួតពិនិត្យ​មានការ​កំណត់​របស់​អង្គការសហប្រជាជាតិ​,​ទី​៤.​ការបង្កើត​គណៈកម្មាធិកា​រ​សិទ្ធិ​មនុស្សជាតិ​,​និង​ទី​៥.​សិទ្ធិ​របស់​កម្មករ និង​ពលករ​។​
​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បានបញ្ជាក់ ថា ប្រទេស​កម្ពុជា និង​ស៊ុយ​អ៊ែត នឹង​ទទួលបាន​ផលប្រយោជន៍​មួយចំនួន អំពី​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​នេះ ជាពិសេស​ការផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក លើ​ប្រធានបទ​សំខាន់ៗ​ទាំង​៥​ខាងលើនេះ​។​
សូម​ជម្រាប ថា លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា​បាន​ឯកភាពគ្នា​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ស្ដីពី​”​បញ្ហា​សិទ្ធមនុស្ស​រវាង​កម្ពុជា និង​ស៊ុយ​អ៊ែត​”​នា​ឆ្នាំ​២០១៨​នេះ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែតុលា​៕