ចិន​ទាមទារ​ឲ្យ​ទាហាន​ឥណ្ឌា ដកចេញ​ភ្លាមៗ​ពី​ទឹកដី​របស់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2017 ក+ ក-

​ប៉េកាំង ៖ ក្រសួងការពារជាតិ​ចិន​បានទាមទារ​ឲ្យ​ទាហាន​ឥណ្ឌា​ដែល​កំពុង​រំលោភ​ចូលមក​កាន់​ទឹកដី​របស់ខ្លួន​ដកចេញ​ត្រឡប់​ទៅកាន់​ទឹកដី​នៅ​តំបន់​ព្រំដែន​ឥណ្ឌា​វិញ​ភ្លាមៗ​ដើម្បី​ស្តារឡើងវិញ​នូវ​សន្តិភាព និង​ភាពស្ងប់ស្ងាត់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Ren Guoqiang បានស្នើ​ឲ្យ​ភាគី​ឥណ្ឌា​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់រហ័ស​តាមរយៈ​កាយវិការ​ដ៏​ត្រឹមត្រូវ ដើម្បី​ស្តារឡើងវិញ​នូវ​សន្តិភាព និង​ភាពស្ងប់ស្ងាត់​នា​តំបន់​ព្រំដែន​។ អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា កងកម្លាំងប្រដាប់អាវុធ​ចិន​នឹង​ការពារ​យ៉ាង​អង់អាច​ក្លាហាន​នូវ​អធិបតេយ្យភាព​ទឹកដី និង​ផលប្រយោជន៍ ផ្នែក​សន្តិសុខ នៃ​ប្រទេស​របស់ខ្លួន​។​
​លោក​បញ្ជាក់ថា ចាប់តាំងពី​ឧ​ប្បវ​ទ្ទ​ហេតុ​បាន​កើតឡើង ចិន​បានបង្ហាញ​នូវ​សុច្ឆន្ទៈ​ល្អ​បំផុត ហើយ​បាន​ព្យាយាម​ទាក់ទង​ជាមួយ​ភាគី​ឥណ្ឌា តាមរយៈ​បណ្តាញ​ការទូត ដើម្បី​ដោះស្រាយ​ឧប្បទ្ទវ​ហេតុនេះ​។ កងកម្លាំងប្រដាប់អាវុធ​របស់​ចិន ក៏បាន​ធ្វើការ​អត់ធ្មត់​កម្រិត​ខ្ពស់ ជាមួយនឹង​ការមើលឃើញ​ពី​ទំនាក់ទំនង​ទ្វេរ​ភាគី និង​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែមិថុនា​កន្លងទៅ ចិន​បានប្រកាសថា ទាហាន​ការពារ​ព្រំដែន​របស់​ឥណ្ឌា បាន​ឆ្លង​ព្រំដែន​ខុសច្បាប់ ចូលទៅ​កាន់​ទឹកដី​របស់​ចិន ហើយ​បាន​រារាំង​ការងារ សាងសង់​ផ្លូវ​របស់​ចិន នៅលើ​ទឹកដី​របស់​ចិន ប៉ុន្តែ​ចំណុច​ត្រូវបាន​ខាង​ភាគី​ឥណ្ឌា​ប្រកាស​ជា​ទឹកដី​របស់ខ្លួន​៕

China-demands-immediate-withdrawal-of-Indian-troops