ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី៨ ខែសីហានេះ បានទទួលជួបលោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ខណៈលោកស្រីកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ លោក កែវ រ៉េមី បានថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនេះ ថា លោកស្រីរ៉ូណា ស្មីត បានសម្ដែងការក្ដីបារម្ភចំពោះការលើកឡើងរបស់លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលថា អ្នកណាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី នាឆ្នាំ២០១៨ខាងមុខ នឹងត្រូវក្បាលគល់ឫស្ស៊ី។
លោក កែវ រ៉េមី បានថ្លែងប្រាប់លោកស្រីរ៉ូណា ស្មីត ថា អ្វីដែលជាការលើកឡើងរបស់ឯកឧត្ដមវង សូត មិនមែនជាការគម្រាមនោះទេ ប៉ុន្ដែជាការអប់រំមួយទៅតាមផ្លូវច្បាប់ ព្រោះកន្លងមកគណបក្សប្រឆាំង និងអ្នកគាំទ្រតែងតែមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ តែប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អាចនិយាយបាន ថា ការប្រើប្រាស់ពាក្យសម្ដីរបស់រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាកដជានាំឲ្យមានប្រតិកម្មក្នុងវិស័យសិទ្ធិមនុស្ស។
លោក កែវ រ៉េមី បានថ្លែងបន្ត ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលស្គាល់នូវអ្វីដែលជាព្រួយបារម្ភរបស់លោកស្រីរ៉ូណា ស្មីត ព្រោះជារឿងធម្មតា និងជាតួនាទីរបស់លោកស្រី ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស។ យ៉ាងណាក៏ដោយ លោក កែវ រ៉េមី បានថ្លែងបញ្ជាក់ ថា លោក វត សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាមនុស្សស្លូតបូត មិនមែនជាមនុស្សកាចសាហាវអ្វីនោះទេ។
ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជម្រាបលោកស្រីរ៉ូណា ស្មីត ថា នៅប្រទេសកម្ពុជា មានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាច្រើនលើកច្រើនសារ ហើយមានការឯកភាពីគណបក្សនយោបាយនៅក្នុងរដ្ឋសភា។ ដូច្នេះការបោះឆ្នោតរួចហើយ ត្រូវតែទទួលស្គាល់លទ្ធផល បោះឆ្នោត ព្រោះក្នុងច្បាប់មានចែង ថា បើមិនទទួលស្គាល់ទេ នឹងដាក់ទោសទណ្ឌទៅលើគណបក្សនយោបាយនោះ។
សូមជម្រាប ថា គណបក្សប្រឆាំងតែងតែប្រកាស មិនទទួលស្គាល់លទ្ធផលបោះឆ្នោត បន្ទាប់ពីគណបក្សរបស់ខ្លួនមិនទាន់ឈ្នះការបោះឆ្នោត បើទោះបីជាអ្នកសង្កេតការណ៍ជាតិ-អន្ដរជាតិ និងបណ្ដាអង្គទូតនានាប្រចាំកម្ពុជា បានស្វាគមន៍ និងទទួលស្គាល់ការបោះឆ្នោត ថា សេរី ត្រឹមត្រូវ និងយុត្ដិធម៌យ៉ាងណាក៏ដោយ។ ជាក់ស្ដែងការបោះឆ្នោតជ្រើសតំណាងរាស្ដ្រនីតិកាលទី៥ ឆ្នាំ២០១៣កន្លងទៅនេះ គឺគណបក្សប្រឆាំង បានដឹកនាំអ្នកគាំទ្រធ្វើបាតុកម្មតវ៉ាអស់ជាច្រើនខែ មុននឹងសម្រេចចូលបំពេញការងារនៅក្នុងរដ្ឋសភាវិញ៕