ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានជំរុញឲ្យមានការដោះលែងអ្នកការពារដីធ្លីទាំង១២នាក់ដែលកំពុង ជាប់ឃុំនៅក្នុងពន្ធនាគារ ដោយសារការអនុវត្តសេរីភាពមូលដ្ឋាន។
ការជំរុញឲ្យមានការដោះលែងសកម្មជនបឹងកក់នេះបានធ្វើឡើង នៅ ព្រឹកថ្ងៃទី០៦ ខែមីនា នៅក្នុងសន្និសីទកាសែតនៅទីស្នាក់ការ CCHRស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
ក្នុងរបាយការណ៍របស់ CCHR បានបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ស្ត្រីចំនួន៧នាក់ត្រូវបានចាប់ខ្លួននៅបឹងកក់ និងត្រូវបានដាក់ពន្ធនាគារ។ ស្ត្រីទាំងនោះបានធ្វើបាតុកម្មតវ៉ាចំពោះទឹកលិចផ្ទះរបស់ពួកគាត់ បន្ទាប់ពីបឹងដែលពួកគាត់កំពុងរស់នៅត្រូវបានគេចាក់លុបដោយខ្សាច់ សម្រាប់ការអភិវឌ្ឍ។
នៅខែវិច្ឆិកា ដដែល ស្ត្រី៥នាក់ដទៃទៀតត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនសម្រាប់ការហែក្បួនក្នុងគោលការណ៍សេរីភាពទាក់ទងនឹង ដីធ្លី។
ក្នុងសន្និសីទកាសែតនោះដែរ នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បាន សំដែងការសោកស្តាយចំពោះសម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងចំអកចំពោះស្ត្រីទាំង១២រូបដែលកំពុងជាប់ពន្ធនាគារថា ខំរកវិធីតវ៉ាសព្វបែបយ៉ាងឲ្យបានជាប់គុក ដើម្បីទទួលបានមេដាយ និងងារជាវីរនារី៕