អាមេរិកចំណោយថវិកាបង្កើនកម្មវិធីប្រឆាំងមីស៊ីល
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតថា លោកគ្រោងចំណាយថវិការាប់ពាន់លានដុល្លារថែមទៀតទៅលើកម្មវិធីប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ ខាងមុខនេះ។ លោកថ្លែងបែបនេះក្រោយពីកិច្ចប្រជុំសន្តិសុខជាតិនៅរដ្ឋញូវជឺស៊ីសហរដ្ឋអាមេរិក។
លោក ត្រាំ បានបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានឃ្លាំងអាវុធនុយក្លេអ៊ែរច្រើន និងខ្លាំងជាងគេទៅហើយៗលោកបានអះអាងថា រដ្ឋការរបស់លោកតែងតែបង្កើតអ្វីថ្មីៗជាច្រើនថែមទៀត។
ជាមួយគ្នានេះលោកក៏បានព្រមានពីគ្រោះថ្នាក់នៃអាវុធនុយក្លេអ៊ែរផងដែរ ដោយនិយាយថា លោកមិនចង់ឃើញពិភពលោករលាយដោយសារអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែបើមានរឿងបែបនោះកើតឡើងមែន សហរដ្ឋអាមេរិកនឹងក្លាយជាប្រទេសខ្លាំងជាងគេបំផុតនៅលើភពផែនដីនេះ៕