រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានបំបែកសំណុំរឿង ឃាតកម្មដ៏ល្បីមួយដែលឃាតករសម្លាប់ជនរងគ្រោះជាសង្សារហើយ បានរត់គេចខ្លួនផុតរយៈពេល៨ខែ។ ជនសង្ស័យនេះ មានឈ្មោះ អ៊ុំ សុផា អាយុ៣០ឆ្នាំ បានបាញ់សម្លាប់នារីជាសង្សារ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងផ្ទះសំណាក់សារីធំ ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ការចាប់ខ្លួនឃាតករដៃដល់ធ្វើឡើងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
គួររំលឹកដែរថា នារីម្នាក់ឈ្មោះ ស៊ុន ស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិ ត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ត្រូវគេអះអាងថា ជាស្រីស្នេហ៍របស់បុរសម្នាក់ឈ្មោះ អ៊ុំ សុផា អាយុ៣០ឆ្នាំ ។ ក្រោយកើតហេតុភ្លាមៗ ឃាតកររូបនេះ ត្រូវបានគេអះអាងថា ជាមន្ត្រីកងរាជអាវុធហត្ថ និងជាជនដៃដល់បានយកកាំភ្លើងបាញ់សម្លាប់នាងជាសង្សារ ចំភ្នែកធ្លាយទៅក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងន្លែង កាលពីវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបន្ទប់លេខ៤០៤ ផ្ទះសំណាក់យីហោ «សារីធំ» ។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ ត្រួតពិនិត្យឈ្មោះ ក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថ ហើយបានបញ្ជាក់ភ្លាមៗផងដែរថា ឈ្មោះ អ៊ុំ សុផា នេះពុំមានឈ្មោះនៅក្នុងបញ្ជីនិងមិនមែនជាមន្ត្រីអាវុធហត្ថនោះទេ ។ ទន្ទឹមនោះលោក សៅ សុខា ក៏បានចេញបញ្ជាឲ្យបើកការស៊ើបអង្កេត ដើម្បីឈានទៅចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោស ហើយទីបំផុតសមត្ថកិច្ចកងរាជអាវុធហត្ថបានចាប់ខ្លួនឃាតករដៃដល់ ។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា យោងតាមចម្លើយរបស់ឃាតករឈ្មោះ អ៊ុំ សុផា សមត្ថកិច្ចបន្តចាប់ខ្លួនជនពាក់ព័ន្ធ២រូបទៀតគឺ ឈ្មោះ អ៊ុក វាសនា ហើយឈ្មោះ អ៊ុក វាសនា បានសារភាពថា ពិតជាបានទទួលលុយ ពីឃាតករ អ៊ុំ សុផា ដើម្បីធ្វើឯកសារសេចក្តីសម្រេច និងអត្តសញ្ញាណប័ណ្ណប៉េអ៊ឹមក្លែងក្លាយពិតប្រាកដមែន តែខ្លួនមិនបានធ្វើផ្ទាល់ទេ គឺយកទៅឲ្យឈ្មោះ ណុប ច័ន្ទ ជាអ្នកធ្វើបន្ត។ ក្រោយមកអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅ ឃាត់ខ្លួន ឈ្មោះ ណុប ច័ន្ទ ម្នាក់ទៀត ឈ្មោះ ណុប ច័ន្ទ ក៏បានសារភាពថារូបគេ ពិតជាបានបោកប្រាស់ឈ្មោះ អ៊ុំ សុផា ដោយធ្វើឯកសារនិងអត្តសញ្ញាណប័ណ្ណអាវុធហត្ថក្លែងក្លាយឲ្យ ពិតប្រាកដមែន ដោយខ្លួនបានទៅជួលក្មេងៗ នៅហាងហ្វូតូកូពីឯកជនជាអ្នកកាត់ត ឯកសារសេចក្តីសម្រេចនិងអត្តសញ្ញាណប័ណ្ណទាំងនោះ ដើម្បីបោក អ៊ុំ សុផា យកលុយចាយប៉ុណ្ណោះតែមិននឹកស្មានតែមានរឿងធំដល់ម្លឹងទេ ៕