រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ បានចេញបញ្ជាឲ្យ កងទ័ពកម្ពុជាត្រៀមលក្ខណៈ ដើម្បីបណ្តេញកងទ័ពឡាវ ដែលកំពុងឈរជើងនៅក្នុងទឹកដីកម្ពុជា ឲ្យចេញជាបន្ទាន់ ។ ប៉ុន្តែសម្តេចបានប្រកាសទុករយះ ៦ថ្ងៃ ដើម្បីឲ្យភាគីឡាវដកកងទ័ព ឲ្យអស់ពីដែនដីកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ។
សូមជម្រាបថា ការកំណត់ឱសានវាទឲ្យឡាវដកទ័ពត្រឹមថ្ងៃទី១៧ ខែសីហានេះ បន្ទាប់ពីលិខិតផ្លូវការរបស់សម្តេចដែលបានដាក់ទៅ នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត រឿងដកទ័ពនេះមិនមានការឆ្លើយតបពីភាគីឡាវវិញនោះឡើយ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចគ្រោងនឹងជិះយន្តហោះទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សារឿងដកទ័ពនេះ ផងដែរ ។ ប៉ុន្តែសម្តេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំឲ្យមានការភ្ញាក់ផ្អើលប្រសិនបើឃើញ មានការចល័តទ័ពព្រោះទ័ពទាំងនោះ ត្រូវចល័តទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីបណ្តេញទ័ពឈ្លានពានឡាវចេញពីដីកម្ពុជា។
សម្តេច ហ៊ុន សែន បានថ្លែងទៅកាន់ភាគីឡាវថា មិត្តភក្តិជារឿងមិត្តភក្តិ តែមិនអាចឲ្យមិត្តភក្តិ មកជាន់ក្បាល ខ្មែរនោះទេ។ សម្តេចបានបញ្ជាក់ថា សម្តេចបានចាត់ចែងមេទ័ពខ្មែររួចអស់ហើយ ឲ្យត្រៀមលក្ខណៈសម្បត្តិបណ្តេញទ័ពឡាវចេញពីដីខ្មែរ។
យ៉ាងណាក៏ដោយ សម្តេចអះអាងថា យើងមិនចង់ប្រកាសសង្គ្រាមជាមួយប្រទេសជិតខាងនោះ ទេ តែក៏មិនអនុញ្ញាតឲ្យប្រទេសជិតខាងរំលោភ ដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ សូម្បីដីមួយចំអាមនោះឡើយ ៕