៖ ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ សមត្ថកិច្ចចម្រុះ រួមមាន មន្ត្រីនគរបាល និងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនសរុបបានចំនួន ៥៤ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៩៩នាក់ និងដកហូតវត្ថុតាងរួមមាន មេតំហ្វេតាមីនប្រភេទICE ចំនួន ១៨១កញ្ចប់ មានទំងន់សរុប ២២៧.៤២ក្រាម។
នេះបើយោងតាមរបាយការណ៍របស់គណៈបញ្ជាការត្រួតពិនិត្យគ្រឿងញៀនខេត្ត លើកឡើង ដោយលោកវរៈសេនីយ៍ឯក ហុង សុលី អនុប្រធានកណ្ដាលប្រឆាំងបទល្មើស នៃស្នងការនគរ បាលខេត្តក្រចេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការ ប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី១ និងលើកទិសដៅសម្រាប់យុទ្ធនាការលើកទី២ ក្រោមវត្តមានលោក ហ៊ឿ ស៊ីយ៉ែម អភិបាលខេត្តស្ដីទី និងជាប្រធានគណៈបញ្ជាការត្រួតពិនិត្យគ្រឿង ញៀនខេត្ត ដោយមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ស្ថាប័នអយ្យាការណ៍អមសា លាដំបូងខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សប្រមានជា២០០នាក់ កាលពីរសៀលថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៧ នៅសាលមហោស្របខេត្ត ។
លោក ហ៊ឿ ស៊ីយ៉ែម អភិបាលខេត្តស្ដីទី បានមានប្រសាសន៍លើកឡើងថា មាតាបិតា និងអាណាព្យាបាលអោយយកចិត្តទុកដាក់ថែទាំ និងស្វែងយល់ពីទំនាក់ទំនង និងតម្រូវការ របស់កូនចៅ ដើម្បីដោះស្រាយ និងជួយណែនាំអោយពួកគេឲ្យជៀសផុតពីបញ្ហាអវិជ្ជមាន ផ្សេងៗនៅក្នុងសង្គម ជាពិសេសបញ្ហាគ្រឿងញៀនដែលអាចកើតមានឡើងក្នុងតំណាក់កាល នៃការវិវត្តន៍លូតលាស់របស់ពួកគេ ។
លោកបានបញ្ជាក់ថា ជាក់ស្តែង តាមរបាយការណ៍គ្រឿងញៀនពិភពលោកក្នុងឆ្នាំ២០១៦ បានបង្ហាញថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ មានមនុស្សប្រមាណ ២៤៧លាននាក់ បានប្រើប្រាស់គ្រឿងញៀន ហើយក្នុងចំណោមអ្នកទាំងនោះ មានចំនួន ២៩លាននាក់ បានក្លាយជាអ្នកញៀន និងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយក្នុងមួយឆ្នាំៗមានមនុស្ស ២០ម៉ឺននាក់បានស្លាប់ដោយសារពាក់ព័ន្ធនឹងគ្រឿងញៀន ។ ដោយឡែកនៅប្រទេសកម្ពុជា រហូតមកដល់ឆ្នាំ២០១៧នេះ មានប្រជាជនប្រមាណ ២ម៉ឺននាក់ បានប្រើប្រាស់គ្រឿងញៀន ក្នុងនោះមានជាង ១ម៉ឺននាក់ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ។ ដូច្នេះហើយការប្រយុទ្ធប្រឆាំងគ្រឿង ញៀន គឺពិតជាកាតព្វកិច្ចរបស់រាជរដ្ឋភិបាល ប៉ុន្តែបើគ្មានការចូលរួមនឹងការគាំទ្រពីប្រជាពល រដ្ឋ និងសហកមន៍ទេនោះ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក៏មិនអាចទទួលបានជោគជ័យដែរ ។
លោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវស្វែងយល់អោយបានច្បាស់ ពីបញ្ហាគ្រឿងញៀន និងគុណវិបត្តិរបស់វា ហើយបន្តចូលរួមគាំទ្រអោយកាន់តែ សកម្មថែម ទៀតជាមួយអាជ្ញាធរមាន សមត្ថកិច្ច ដើម្បីបង្ការ និងទប់ស្កាត់អោយកាន់តែមានប្រសឹទ្ធភាពខ្ពស់នូវរាល់ការប៉ុនប៉ងលួចលាក់ផលិត កែច្នៃ ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវគ្រឿងញៀនគ្រប់ប្រភេទ ព្រោះថា មានតែបងប្អូន ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលដឹងច្បាស់ពីសុខទុក្ខ និងបញ្ហាផ្សេងៗ ដែលកើតមានឡើងក្នុងសហគមន៍របស់ខ្លួន ហើយសូមចាត់ទុកថា បញ្ហាគ្រឿងញៀន គឺជាបញ្ហារបស់យើងទាំងអស់គ្នា ៕ ប្រុញ វិធិន