ភ្នំពេញ ៖ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើង ថា ការស្នើ សុំធ្វើវិសោធ នម្មច្បាប់ស្តីពី”ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ”ពីសំណាក់តំណាងរាស្ដ្រគណបក្ស សង្គ្រោះជាតិ គឺគ្រាន់តែជា កលល្បិច ដើម្បីបំភាន់មតិពលករចំណាកស្រុក និងប្រជាពលរដ្ឋខ្មែររស់នៅ ក្រៅប្រទេសតែប៉ុណ្ណោះ។
ការលើកឡើងនេះ បន្ទាប់ពីតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ៣៣រូប កាលពីថ្ងៃសុក្រកន្លងទៅ បានសរសេរ លិខិតដាក់ទៅសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំធ្វើវិសោធន កម្មច្បាប់ស្ដីពី”ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ” ដែលខ្លឹមសារនៃការស្នើនេះ គឺចង់ឲ្យ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅ ក្រៅប្រទេស អាចមានសិទ្ធិបោះឆ្នោតបាន។
ចំពោះសំណើនេះឯកឧត្ដមសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ដ្រ បានឲ្យដឹង ថា ការដាក់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពី”ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ”នាពេលនេះ គឺជា សិទ្ធិរបស់តំណាងរាស្ត្រគ្រប់រូប ស្របតាមមាត្រា៩១ថ្មី ជំពូកទី៧ ស្តីអំពីរដ្ឋសភា។
ប៉ុន្តែលោក សុខ ឥសាន បានបញ្ជាក់ថា សេចក្តីស្នើច្បាប់ទាំងឡាយអាចអនុវត្ត ទៅបានលុះត្រាតែ មានការ អនុម័តយល់ព្រមដោយសំលេងលើស៥០ភាគរយបូក១ ក្រោយពីមានការយល់ព្រមពីគណៈ កម្មាធិការអចិន្ត្រៃយ៍ នៃ រដ្ឋសភា ឲ្យគណៈកម្មជំនាញរដ្ឋសភាសិក្សានិង ពិនិត្យសព្វគ្រប់រួចនឹងដាក់ចូល ទៅក្នុងរបៀបវារៈប្រជុំពេញ អង្គរដ្ឋ សភា ហើយការអនុម័តអាស្រ័យលើសិទិ្ធឯករាជ្យរបស់តំណាងរាស្ត្រម្នាក់ៗ ដែលមានវត្តមានក្នុងអង្គប្រជុំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ ថា ការស្នើចង់ឲ្យពលករចំណាកស្រុក និងប្រជាពលរដ្ឋ ខ្មែរកំពុង រស់ នៅក្រៅប្រទេសអាចបោះឆ្នោតបាននោះគឺគ្រាន់តែជាល្បិចកលចង់បំភាន់មតិឲ្យមាន ការ យល់ច្រឡំថា គណបក្ស របស់ខ្លួនចង់ណាស់ តែការពិតបានឯកភាពគ្នារួចហើយ គ្មានអ្វីត្រូវកែប្រែទៀតទេ។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ធ្លាប់បានបញ្ជាក់ ជាច្រើនដង ហើយ ថា គ.ជ.ប មិនអាចរៀបចំចុះឈ្មោះបោះឆ្នោតនិងរៀបចំការបោះឆ្នោត សម្រាប់ពលករចំណាកស្រុក និងប្រជា ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបានទេ ព្រោះរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោត មិនបានកំណត់ឲ្យគ.ជ.បធ្វើដូច្នេះឡើយ។
ប៉ុន្ដែលោក ស៊ិក ប៊ុនហុក បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស គួរតែវិល ត្រឡប់ មកកាន់ប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោត ប្រសិនបើចង់ចូលរួមការបោះឆ្នោតជ្រើ សតំណាងរាស្ដ្រនីតិ កាលទី ៦ ឆ្នាំ២០១៨ខាងមុខ ដោយការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះ ឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នឹងត្រូវចាប់ ផ្ដើមពី ថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
សូមជម្រាប ថា បើយោងតាមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរ ដែលមានអាសនៈក្នុង រដ្ឋសភា កាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ បានពិភាក្សាយ៉ាងល្អិតល្អន់និងស៊ីជម្រៅរាប់ខែ ទម្រាំបាន អនុម័តបណ្តាច្បាប់ដែល ពាក់ព័ន្ធនឹងការកែទម្រង់ការបោះឆ្នោត។ នៅពេលពិភាក្សាគ្នាពេលប្រជុំពេញអង្គរដ្ឋសភា និងពេលទៅការពារ សេចក្តី ស្នើច្បាប់ តំណាងរាស្ត្រទាំងពីរគណបក្សសុទ្ធតែបានលើកដៃអនុម័តទាំងអស់ ដោយមិនមានមតិជំទាស់អ្វីឡើយដោយ ឯកភាពថាមិនមានលទ្ធភាពណាអាចឲ្យពលករចំណាកស្រុក និងពលរដ្ឋកម្ពុជារស់នៅបរទេសអាចបោះឆ្នោតបាន នោះទេ៕