ខេត្តក្រចេះ ៖ រថយន្ដសាំយ៉ុងដឹកឈើប្រណិតជាច្រើនគ្រឿង ផ្ទុកឈើពេញៗប្រៀប បានធ្វើចរាចរណ៍ដឹកជញ្ជូនជារៀងរាល់យប់ចេញពីទឹកដីនៃស្រុកចិត្របុរី ក្នុងខេត្តក្រចេះ តម្រង់ឆ្ពោះទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែគេសង្កេតឃើញថា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដែលទើបនឹងប្តូរមកថ្មីនោះ មានភាពសកម្ម ហាក់បីដូចជាគ្មានចំណាត់ការ ឬអើពើ ធ្វើការបង្ក្រាប ទប់ស្កាត់ បទល្មើយព្រៃឈើឡើយ ។
សកម្មភាពរថយន្តដឹកជញ្ជូនបទល្មើសព្រៃឈើទាំងនោះ គឺលើកដាក់នឹងដឹកចេញពីចំណុចមាត់ទន្លេមេគង្គ ឋិតក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ដោយដឹកឆ្លងកាត់មុខសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ឆ្លងកាត់ទឹកដីក្រុងក្រចេះ តាមផ្លូវជាតិលេខ៧ (ក្រចេះ- ស្នួល) ដោយឆ្លងកាត់ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត មេព្រៃស្វាយជ្រះ មេព្រៃឈើឃ្សឹម មេព្រៃឈើស្នួល នឹងផ្នែករដ្ឋបាលព្រៃឈើឆ្លូងផងដែរ ប៉ុន្តែគេមិនដែលឃើញមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចចម្រុះ អង្គភាពពាក់ព័ន្ធណាមួយចេញធ្វើការបង្ក្រាបនោះឡើយ គឺបណ្តែតបណ្តោយទុកឲ្យរថយន្តល្មើសច្បាប់ទាំងនោះដឹកជញ្ជូនយកទៅលក់ដល់គោលដៅយ៉ាងរលូនប្រកបដោយសុវត្ថិភាព។
ជាក់ស្តែងកាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ យប់មិញនេះ វេលាម៉ោង០២យប់ មានរថយន្ដសាំយ៉ុងដឹកឈើសុក្រំពេញៗ ២គ្រឿង ជារបស់ថៅកែស្រីដ៏ល្បីឈ្មោះបោះសំលេងប្រចាំខេត្តក្រចេះ គឺឈ្មោះចែ មុំ ហៅ ម៉ាប់ និងប្តីឈ្មោះ ធី ចំណែកឯមន្ត្រីជំនាញ សមត្តកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវ ដែលគេឃើញដាក់ក្បាលឡានចេញក្រៅគ្រប់កន្លែង តាមស្នាក់ការនីមួយៗនោះ គឺចាំតែរាប់ក្បាលឡានយកលុយតែប៉ុណ្ណោះ ហើយគេមិនដែលឃើញសមត្ថកិច្ចទាំងនោះ ចាប់បង្ក្រាបបានម្ដងណាឡើយ ។
ប្រភពពីសមត្ថកិច្ច បានខ្សឹបប្រាប់អោយភ្នាក់ងារមេគង្គប៉ុស្តិ៍ថា រថយន្តដឹកឈើល្មើសច្បាប់ខាងលើនេះ គឺជាកម្មសិទ្ធរបស់ស្ត្រីជើងខ្លាំងម្នាក់ឈ្មោះចែ មុំ ហៅ ចែម៉ាប់ ដែលមានប្តីឈ្មោះ ធី រស់នៅភូមិអន្តែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ និងជាឈ្មួញឈើដុះស្លែរយូរឆ្នាំមកហើយ គ្មានសមត្ថកិច្ចជំនាញ ឬស្ថាប័នពាក់ព័ន្ធណាហ៊ានបង្ល្រាបឡើយកន្លងមក ព្រោះតែអំណាចមាន បងប្អូន ធ្វើការធំនៅក្នុងខេត្តក្រចេះ ហើយតែងតែជេរបញ្ចោរ និងប្រើសម្តីមើលងាយមើលថោកមកលើសមត្ថកិច្ចរហូតនាពេលកន្លងមក ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ មេព្រៃសង្កាត់រដ្ឋបាលព្រៃឈើស្នួល សហការជាមួយកម្លាំងនគរបាលស្រុកធ្វើការចាប់ឃាត់រថយន្តដឹកឈើ ១គ្រឿង ក្នុងចំណោមរថយន្ត២គ្រឿងរបស់ ថៅកែស្រីឈ្មោះចែ មុំ ហៅម៉ាប់ និងប្តីឈ្មោះ ធី ម្តងរួចមកហើយ ស្ថិតនៅចំនុចភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយដឹកលោតឆ័ត្របំរុងយកទៅលក់ក្នុងប្រទេសវៀតណាម តាមច្រកត្រពាំងស្រែ ៕