រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនលោក សួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីប្រធានគណបក្សរូបនេះបានបង្ហោះ សារតាមបណ្តាញ Facebook ផ្ទាល់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដែលមានខ្លឹមសារ ជេរប្រមាថនឹងមាក់ងាយដល់កងទ័ពជាតិយ៉ាងធ្ងន់ធ្ងរ រួមទាំងមានចរិកញុះញង់បំបែកបំបាក់ជាតិ ថែមទៀត ។
ក្រោយការឃាត់ខ្លួនក្រុមសមត្ថកិច្ចបានចុះទៅឆែកឆេរផ្ទះលោក សួន សេរីរដ្ឋា នៅក្នុងបុរីប៉េងហួត ផ្លូវ៥៩៨ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ លទ្ធផលនៃការ ឆែកឆេរនោះមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ រហូតមកដល់ពេលនេះ ។ ប៉ុន្តែក្រោយការចាប់ខ្លួនលោក សួន សេរីរដ្ឋា ក៏ស្រាប់តែមានមនុស្សជំនិតលោកម្នាក់បាន ចេញមុខបង្ហោះឯកសារសម្ងាត់មួយរបស់លោក សួន សេរីរដ្ឋា ដែលមានខ្លឹមសារប្រមាថព្រះចេ ស្តាព្រះមហាក្សត្រខ្មែរយ៉ាងធ្ងន់ធ្ងរ មិនអាចទទួលយកបាននោះឡើយ ។
យោងតាម Facebook មួយមានឈ្មោះ « កូននាគអាស៊ី » ដែលបានអះអាងថា ខ្លួនជា មនុស្សជំនិតលោក សួន សេរីរដ្ឋា បានសរសេរយ៉ាងដូច្នេះថា ៖ «សូមក្រុមសមាជិក KPPM នៅបារាំង ជួយស្រាវជ្រាវរកឯកសារមួយឲ្យបានមកឲ្យខ្ញុំ ឲ្យបានកាន់តែឆាប់កាន់តែល្អ។ គឺឯកសារ ដែលបង្ហាញបញ្ជាក់ថា នរោត្តម សីហមុនី ជាសញ្ជាតិបារាំង មែនឬមិនមែន? ខ្ញុំ នឹងវ៉ៃមួយឈុតនេះឲ្យល្អមើលកក្រើកក្នុងឆ្នាំ២០១៦នេះ។ សូមជួយរកឲ្យឃើញ យកឲ្យបានឯកសារឲ្យខ្ញុំ ។
ហ៊ុន សែន ចង់មានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់មេបក្សនយោបាយ គឺជាឱកាសរបស់ KPP ធាក់ឲ្យធ្លាយវាំងតែម្ដង។ ចាំមើលស្ដេច និងអាមាត្យវាំង ហ៊ានលាសញ្ជាតិបារាំងទេ? ហើយពួកយួន នៅក្នុងបក្សប្រជាជន រត់ទៅពួននៅកន្លែងណា? ចាប់កន្ទុយរបស់ពួកវា ញាត់ចូលមាត់ពួកវា ឲ្យខាំកន្ទុយខ្លួនឯងវា ហើយយើងចាំឈរមើល!» ។
ពាក់ព័ន្ធការចាប់ខ្លួនលោក សួន សេរីរដ្ឋា នេះផងដែរ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ស្ថាប័ន និងមូលដ្ឋានកងទ័ពបានផ្ទុះកំហឹងឈឺចាប់និងថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះទង្វើរបស់លោក សួន សេរីរដ្ឋ ហើយក៏បានទាមទារឲ្យថ្កោលទោសនិងផ្តន្ទា ទោសធ្ងន់ធ្ងរបំផុតចំពោះបុគ្គលរូបនោះថែមទៀត ៕