ACU និង​ក្រសួង​អប់រំ​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ មិនអាច​ធូររលុង​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2017 ក+ ក-

​ភ្នំពេញ ៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោក​បណ្ឌិត​សភាចា​រ្យ​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន និង​កីឡា បានបញ្ជាក់​ដូចគ្នា​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​ប្រឡង​បាក់​ឌុប​នា​ឆ្នាំ​២០១៨ ខាងមុខ ដែល​ចំ​ឆ្នាំ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ គឺ​ការប្រឡង​មិនមាន​ការធូររលុង ដូច​មតិ​មួយចំនួន​លើកឡើង​ឡើយ​។ ការបញ្ជាក់​នេះ​បន្ទាប់ពី​មានមតិ​មួយចំនួន បានលើកឡើង ថា ឲ្យ​តែ​ដល់ពេល​បោះឆ្នោត​ម្ដងៗ គឺ​ការប្រឡង​បាក់​ឌុប​នឹងមាន​ការធូររលុង ហើយ​សិស្ស​នឹង​អាចមាន​លទ្ធភាព​ជាប់​ច្រើនជាង​ធ្លាក់​។
​ក្នុង​ពិធី​ណែនាំ​ដល់​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​២១ ខែសីហា នៅ​សាល​សហ​សិក្សា​សម្តេច​តេ​ជោ​ហ៊ុន សែន នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​រសៀល​ថ្ងៃទី​១៤ ខែសីហា​នេះ លោក​បណ្ឌិតសភា​ចា​រ្យ​ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែង ថា នេះ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា បានធ្វើ​កំណែទម្រង់​ទៅលើ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​ទទួលបាន​លទ្ធផល​ជា​បន្តបន្ទាប់ តាមរយៈ​ការដាក់​ពាក្យស្លោក ថា​”​អ្នកចេះ​គឺជា​ប់​”​។
​លោក​បន្ត ថា លទ្ធផល​កំណែទម្រង់​ដែល​ទទួលបាន​ផ្លែផ្កា​នេះ គឺ​ដោយសារ​មានការ​ចូលរួម​ពី​អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​អ្នកសង្កេតការណ៍​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តែងតែ​ជួយ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ ជាមួយគ្នានេះ​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​ហង់ ជួនណា​រ៉ុ​ន បានស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន កីឡា ក្នុង​ការដាក់​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប​នា​ឆ្នាំ​២០១៨​ខាងមុខ​បន្តទៀត បើទោះបីជា​ចំ​ឆ្នាំ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​ក៏ដោយ ក៏​ការប្រឡង​បាក់​ឌុប​នេះ នឹងមិន​មានការ​ធូររលុង​នោះដែរ​។
​ចំណែក​លោក​បណ្ឌិត ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​ឲ្យ​ដឹង​ដែរ ថា មានមតិ​ខ្លះ​លើកឡើង ថា នៅពេល​មានការ​បោះឆ្នោត​ម្ដងៗ​គឺ​ការប្រឡង​បាក់​ឌុប នឹងមិន​មានការ​រឹតបណ្តឹង​ដូច​ឆ្នាំ ដែល​មិនមាន​ការបោះ​ឆ្នោះ​នោះទេ ពិសេស​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​កន្លងទៅនេះ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នា​ឆ្នាំ​២០១៨​ខាងមុខ​។
​លោក​បានបញ្ជាក់ ថា ការលើកឡើង​ខាងលើនេះ​គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ និង​នៅ​ឆ្នាំក្រោយ គឺ​នៅតែ​មានការ​រឹតបណ្តឹង​ដូច​រាល់​ឆ្នាំ​ដែរ ហើយ​អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​នៅតែ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ធ្វើកំណែទម្រង់​ការប្រឡង​នេះ​បន្តបន្ទាប់​ទៀត​។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​បន្ថែម ថា យើង​មិនអាច​យកគុណ​ភាព​អប់រំ របស់​ប្រទេសជាតិ​ទៅលេង​សើច​នោះទេ ខណៈដែល​កេរ្ដិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​កំពុង​តែមាន​កម្រិត​ខ្ពស់​ឡើង​នៅលើ​ឆាក​អន្ដរជាតិ ដូច្នេះ​ការប្រឡង​បាក់​ឌុប​មិនមាន​ហេតុផល​អ្វីដែល​ត្រូវ​ធូររលុង​នោះឡើយ​។
​សូម​ជម្រាប ថា ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រោម​ការដឹកនាំ​របស់​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន ជា​រដ្ឋមន្ដ្រី បានធ្វើ​កំណែទម្រង់​ការ​ប្រឡង​បាក់​ឌុប រយៈពេល​៣​ឆ្នាំ​មកហើយ ដោយ​ទទួលបាន​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជាពិសេស​មាតា​-​បិតា អាណាព្យាបាល​សិស្ស ក៏ដូចជា​បេក្ខជន​ប្រឡង​ផងដែរ​៕

fd4bcddb5c5de7c6edf3c0f64fdd361a8d308a1a10690040_707133379375546_586284129722471141_n