តុលាការ​សម្រេច​ឃុំខ្លួន លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន និង​បន្ត​បើកសវនាការ​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​ខាងមុខនេះ​។ ការចេញ​ដីកាឃុំខ្លួន​លោក សួន សេរី​រដ្ឋា ធ្វើឡើង​បន្ទាប់ពី​ព្រះរាជអាជ្ញារង លោក សៀង សុខ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ និង​បញ្ជូនទៅ​ចៅក្រម រស់ ពិសិដ្ឋ បើកសវនាការ​កាត់ក្តី​ភ្លាមៗ​តែម្តង ដោយសារតែ​ករណីនេះ​ជា​បទល្មើស​ជាក់ស្តែង​។​
​លោក សួន សេរី​រដ្ឋា ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស​រួមមាន ៖ ១ ៖ បទ ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១​នៃ​ក្រមព្រហ្មទណ្ឌ​។ ២ ៖ បទ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២ នៃ​ក្រមព្រហ្មទណ្ឌ​។ ៣ ៖ បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុ​ផា​ណា​។​
​គួរ​បញ្ជាក់ថា ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា បាន​ធ្វើឡើង​ខណៈដែល​លោក​កំពុងធ្វើដំណើរ​ពី​ខេត្តកំពង់ចាម ចូលមក​រាជធានី​ភ្នំពេញ ត្រង់ចំណុច​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ចាប់ខ្លួន​វ៉ៃខ្នោះ​ហើយ លោក សួន សេរី​រដ្ឋា ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​​បញ្ជូនបន្ត​ទៅកាន់​តុលាការ ដើម្បី​កាត់ទោស​ភ្លាមៗ​តែម្តង​៕

d228ba69d25759eff7720d10ac300b64fn-2017-08-14-17-49-46-0fn-2017-08-14-19-23-29-0