ផែនការ​បាញ់​មី​ស៊ី​ល​ទៅលើ​កោះ​ហ្គ័​ម​ធ្លាក់​ដល់ដៃ​លោក គីម ជុង​អ៊ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2017 ក+ ក-

​កូរ៉េខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េខាងជើង​បាន​និយាយ​នៅ​ព្រឹក​នេះ​ថា មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​បានទទួល​របាយការណ៍​ពី​កងទ័ព​រួច ហើយ​ពាក់ព័ន្ធ​នឹង​ផែន​ការបាញ់​មី​ស៊ី​ល​ទៅលើ​កោះ​ហ្គ័​ម​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​លោក​បាន​និយាយថា លោក​នឹង​ឃ្លាំមើល​សកម្មភាព​របស់​សហរដ្ឋអាមេរិក​បន្តិច​សិន​មុនពេល​ធ្វើការ​សម្រេចចិត្ត​ចំពោះ​ផែនការ​នេះ​។​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន KCNA ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​បានធ្វើការ​ត្រួតពិនិត្យ និង​ពិភាក្សា​លើ​គម្រោង​នេះ​យ៉ាង​ហ្មត់ចត់ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ក្នុងអំឡុង​នៃ​ការចុះ​ធ្វើ​អធិការកិច្ច​នៅ​ទីបញ្ជាការ​កងកម្លាំង​យុទ្ធសាស្ត្រ​កូរ៉េខាងជើង បន្ទាប់ពី​យោធា​នៃ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​នឹង​បង្ហើយ​ផែនការ​លម្អិត​ក្នុង​ការបាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង​ចំនួន ០៤​គ្រាប់ ព្រមាន​កោះ​ហ្គាំ នៅត្រឹម​ពាក់កណ្តាល​ខែសីហា​នេះ ហើយ​បញ្ជូន​បន្តទៅ​ឲ្យ​លោក គីម ជុង​អ៊ុន ដើម្បី​រង់ចាំ​ការសម្រេចចិត្ត​ចុងក្រោយ​។ យ៉ាងណាមិញ លោក គីម ជុង​អ៊ុន ទំនងជា​នឹង​ពន្យារពេល​នៃ​ការអនុវត្តន៍​គម្រោង​នេះ ដោយ​និយាយថា រូបលោក​នឹង​នៅ​រង់​ចាំមើល​អាកប្បកិរិយា​របស់​ទីក្រុង​វ៉ាស៊ីនតោន បន្តិចទៀត​សិន​។​
​ផែនការ​របស់​ប្រទេស​កូរ៉េខាងជើង​នេះ​បានធ្វើ​ឲ្យ​ប្រទេស​ជប៉ុន​មាន​ការមិន​ពេញចិត្ត និង​បាន​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​នេះ​ដោយបាន​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​ផ្នែក​មួយចំនួន​នៅ​ខេត្ត​ហ៊ី​រ៉ូ​ស៊ី​ម៉ា ខេត្ត​ស៊ី​ម៉ា​ណេ ខេត្ត​កូ​ឈី​នៅ​ភាគ​ខាងលិច​ប្រទេស​ជាទី​ដែល​ប្រទេស​កូរ៉េខាងជើង​និយាយថា ខ្លួន​នឹង​បាញ់​មី​ស៊ី​ល​ឲ្យ​ឆ្លងកាត់​តាម​ខេត្ត​ទាំងនោះ​ឆ្ពោះទៅរក​កោះ​ហ្គ័​ម​៕

20770381_819467348226061_1478219974953065049_n