ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានពន្យល់អំពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងការបង្កើតច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជូនមន្ដ្រីនៃក្រសួង ការ បរទេសជប៉ុន។ ការពន្យល់នេះ បានធ្វើឡើងគ្រាដែលលោក កែវ រ៉េមី បានអនុញ្ញាតឲ្យលោក ម៉ាសាតូ អូតាកា អគ្គនាយករងនៃការិយាល័យកិច្ចការបរទេស នៃក្រសួងបរទេសជប៉ុន ចូលជួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា ក្នុងជំនួបនេះ លោក ម៉ាសាតូ អូតាកា បានលើកឡើងអំពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ”និងការបង្កើតច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដូចជា៖ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយ ដើម្បីឲ្យភាគីទាំងនោះយល់ច្បាស់អំពីបំណង និង ខ្លឹមសារពិតប្រាកដនៃការធ្វើវិសោធនកម្ម និងការបង្កើតច្បាប់ទាំងពីរនេះ។
ជាការឆ្លើយតបលោក កែវ រ៉េមី បានពន្យល់ ថា ការបង្កើតច្បាប់ស្ដីពី”សមាគម និងអង្គការមិនមែនរដ្ឋាភិបាល” និងការធ្វើវិសោធនកម្មច្បាប់ស្ដីពី”គណបក្សនយោបាយ”កាលពីពេលថ្មីៗនេះ គឺរាជរដ្ឋាភិបាលបានស្រាវជ្រាវ យ៉ាង យកចិត្ដទុកដាក់ និងម៉ត់ចត់ជាទីបំផុត ហើយបានយកលំនាំតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកដូចជា ដាណឺម៉ាក,ម៉ាឡេស៊ី,ឥណ្ឌូនេស៊ី,និងប្រទេសក្នុងសហគមន៍អឺរ៉ុបមួយចំនួនទៀតផងដែរ។
ចំណែកការបង្កើតច្បាប់ស្ដីពី”សមាគម និងអង្គការមិនមែនរដ្ឋាភិបាល”គឺរាជរដ្ឋាភិបាលកម្ពុជាបានស្រាវជ្រាវ យកលំនាំ តាមបណ្ដាប្រទេសរីកចំរើនមួយចំនួន ដូចជា៖ប្រទេសបារាំង,ជប៉ុន,អូស្ដ្រាលី,និងប្រទេសសិង្ហបុរីជាដើម ហើយក៏មានការចូលរួមរៀបចំពីអ្នកជំនាញការទូត និងអ្នកពាក់ព័ន្ធនានា ដែលចំណាយពេលរៀបចំប្រមាណជា ២០ឆ្នាំ៕